បណ្តាញសង្គម

ដុត​ភ្លើង​ធ្យូង​កម្តៅ​ទឹក​ស៊ុប​ក្បែរ​កំប៉ុង​ហ្គា​ស ផ្ទុះ​ឆេះ​ផ្អើល​គេ​ផ្អើល​ឯង

រាជធានីភ្នំពេញ ៖ កំប៉ុងហ្គាសតូចៗជាច្រើនបានផ្ទុះឡើងជាបន្តបន្ទាប់ បណ្តាលឲ្យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ទាន់ ខណៈពេលដែលថៅកែស៊ុបបានដុតភ្លើងធ្យូងក្បែរកំប៉ុងហ្គាស។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំនៅចំណុចហាងលក់ស៊ុប យីហោ ស្រឡៃ (ម៉ៅម៉ៅ៩៩) ដែលស្ថិតនៅខាងលិចផ្សារឈូកមាស (បុរីពិភពថ្មី) ផ្ទះលេខ១៩១ ផ្លូវA ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះលក់ស៊ុបនេះឈ្មោះ សួស នាងសោម៉ា ភេទស្រី អាយុប្រមាណ៤០ឆ្នាំ។

តាមព័ត៌មានបានឲ្យដឹងថា កំប៉ុងហ្គាសតូចៗបានផ្ទុះឡើងជាបន្តន្ទាប់ បណ្តាលឲ្យក្លាយជាអណ្តាតភ្លើងឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់អស់៨បំពង់ ព្រមទាំងហៅរថយន្តមកជួយអន្តរាគមន៍។

តាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុមិនទាន់មានភ្ញៀវនោះទេ ហើយគាត់បានដុតធ្យូងកម្តៅទឹកស៊ុបនៅក្បែរកំប៉ុងហ្គាសប្រមាណ ជាង១០កំប៉ុង ហើយគាត់បានធ្វើដំណើរមកខាងមុខ ស្រាប់តែកំប៉ុងហ្គាសបានផ្ទុះឡើង បណ្តាលឲ្យក្លាយជាអគ្គិភ័យតែម្តង។

តាមម្ចាស់ផ្ទះបានឲ្យដឹងថា អគ្គិភ័យនេះបានបំផ្លាញតែសម្ភារផ្ទះបាយ ព្រមទាំងគ្រឿងស៊ុបតែប៉ុណ្ណោះ។ នៅក្នុងហេតុការណ៍នោះពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ។ តាម នគរបាលបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទៅអន្តរាគមន៍បាញ់អស់ ១គ្រឿង ភ្លើងបានរលត់ទៅវិញមិនបណ្តាលឲ្យឆេះរាល់ដាលឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព