បណ្តាញសង្គម

នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ និង​អ្នក​ភ្នាល់ ចំនួន​៣​នាក់

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍ព្រែកថ្មី ចុះបង្ក្រាបជាក់ស្តែងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោតវៀតណាម) ដោយឃាត់ខ្លួន ភ្នាក់ងារកត់ឆ្នោត និងអ្នកចាក់កន្ទុយលេខ ចំនួន០៣នាក់នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ករណីបង្ក្រាបជាក់ស្តែង ល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតវៀតណាម) ធ្វើឡើងនៅវេលាម៉ោង០៣និង៥០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់ រួមមាន ៖ ទី១-ឈ្មោះចក់ ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារកត់ឆ្នោត ស្នាក់នៅផ្ទះកើតហេតុ ។ ទី២-ឈ្មោះញ៉ែម សុខ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ) ។

និងទី៣-ឈ្មោះថាវ ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ) ។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ ក្រដាសកត់កន្ទុយលេខរួច ២៣សន្លឹក, ម៉ាស៊ីនគិតលេខ០១គ្រឿង, ទូរស័ព្ទ ដៃ០១គ្រឿង, លុយដុល្លារ ៧០៤ដុល្លារ, លុយខ្មែរ២,៤៣០,០០០រៀល, ប៊ិចចំនួន៥ដើម, ក្រដាសកាគែរ័មួយចំនួន, ក្រដាសសេរីផ្ទៀងឆ្នោតមួយចំនួន និងក្រដាសមិនទាន់កត់កន្ទុយលេខមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ខណៈមេឆ្នោតធំ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌ នៅមិនទាន់រកឃើញ និងឃាត់ខ្លួនបាននៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព