បណ្តាញសង្គម

ចាប់​បាន​ហើយ​ក្រុម​ជនសង្ស័យ​ ២​នាក់​ធ្វើ​សកម្មភាព ២​នាក់​គូស្នេហ៍​ជា​អ្នក​​បិទ​គូទ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាជ្រាវ និងស៊ើបអង្កេតដោយសហការជាមួយនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន4នាក់ ពាក់ព័ន្ធនឹងករណីជិះម៉ូតូឆក់ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់ស្ត្រីជនជាតិជប៉ុន និងកូន២នាក់ កាលពីថ្ងៃទី17 ខែកក្កដា បណ្ដាលឲ្យនារីរងគ្រោះដួលរងរបួសស្រាល ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ បានកើតឡើងកាលពីម៉ោង10យប់ ថ្ងៃទី22 ខែកក្កដា ឆ្នាំ2020 ចំណុចការ៉ាស់សាំងតេឡា រង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន ១- ឈ្មោះ សុខ ចំរើនភេទប្រុស អាយុ15ឆ្នាំ មុខរបរដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះជួលម្តុំជិតវត្តបទុមវតីសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងពីនារីរងគ្រោះ ហើយក៏ម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-1459។

២-ឈ្មោះ ផែន តុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ជាអ្នកអង្គុយពីក្រោយធ្វើសកម្មភាពឆក់កាបូប។សេចក្តីរាយការណ៍បន្តថា ចំណែក2នាក់ទៀតជាសង្សារនឹងគ្នា (ដែលមានរហ័សនាមថា ចោរញីឈ្មោល) ជាអ្នកជិះម៉ូតូបិទគូទពីក្រោយ រួមមានម្នាក់ឈ្មោះហេង យីហុង ភេទប្រុសអាយុ17ឆ្នាំ ជាសិស្សរៀនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតឈ្មោះ អ៊ៀ សុភាវិន ភេទស្រី អាយុ16ឆ្នាំ ស្នាក់នៅផ្ទះលេខ121 ផ្លូវ23 ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ អ្នកទាំងពីរនាក់ជាសង្សារនឹងគ្នា ជិះម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ2020 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1-7686. មិនចាំអក្សរខាងមុខ។

បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីម៉ោង3និង20នាទីរសៀល ថ្ងៃទី14 ខែកក្កដា គឺជនសង្ស័យទាំង៤នាក់ខាងលើនោះ ជិះម៉ូតូ2គ្រឿងបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងពីស្ត្រីជនជាតិជប៉ុនម្នាក់ដេលកំពុងដើរតាមបណ្តោយផ្លូវលេខ294 ជាមួយកូនតូច2នាក់ទៀត ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏លេចមុខជនសង្ស័យទាំង៤នាក់បានជិះម៉ូតូពីក្រោយ រួចមកអែបក្បែរនារីរងគ្រោះ ហើយជនសង្ស័យ2នាក់ដែលជិះម៉ូតូហុងដាឌ្រីមសង់សេ125 ក៏បានឆក់កាបូបស្ពាយចំហៀងពីនារីរងគ្រោះបានសម្រេចតែម្តង បណ្ដាលឲ្យនារីរងគ្រោះដួលបោកនឹងថ្នល់រងរបួសរលាត់ដៃជើង បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៤នាក់ក៏នាំគ្នាជិះម៉ូតូបំបែកផ្លូវគ្នារត់គេចខ្លួនបាត់ស្រមោល ហើយនៅក្នុងកាបូបនារីរងគ្រោះមានប្រាក់ចំនួន120ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង និងឯកសាមួយចំនួនទៀត ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច ជនសង្ស័យទាំង៤នាក់បាននាំគ្នាជិះម៉ូតូបំបែកផ្លូវគ្នារត់គេចខ្លួនបាត់ស្រមោល ហើយជនសង្ស័យឈ្មោះ សុខ ចំរើន និងឈ្មោះ ផែន តុង បាននាំគ្នាជិះរត់គេចខ្លួនទៅដល់ជ្រោយចង្វាត្រើយម្ខាង នៅចំណុចរង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ជ្រោយចង្វារ រួចជនសង្ស័យក៏នាំគ្នាឆែកក្នុងកាបូបជនរងគ្រោះយកលុយ និងសម្ភារៈ ហើយក៏បោះកាបូបចោលនៅទីនោះ។

ប្រភពដដែលបន្តថា ក្រោយមកក៏ជិះម៉ូតូត្រលប់មកកោះពេជ្រវិញ ទើបចែកលុយគ្នា ដោយឈ្មោះ ផែន តុង ជាអ្នកធ្វើសកម្មភាពឆក់កាបូបបានលុយ40ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿង ចំណែកឈ្មោះ សុខ ចំរើន ជាអ្នកបើកម៉ូតូបានលុយ40ដុល្លារ រីឯ2នាក់ទៀតជាសង្សារនឹងគ្នា ហើយក៏ជាអ្នកបិទគូទពីក្រោយឱ្យបក្សពួកធ្វើសកម្មភាព ទទួលបានប្រាក់ម្នាក់20ដុល្លារ ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានពាក់បណ្តឹងពីជនរងគ្រោះ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះឆែកកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមដងផ្លូវ រួចកំណត់មុខសញ្ញាបានច្បាស់ក៏ចាប់ខ្លួនសង្ស័យទាំង៤នាក់បានតែម្តង ក្រោយមកក៏កសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងអស់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

ដលស្រង់ពី៖កោះសន្តិភាព