បណ្តាញសង្គម

កម្ម​ពារប្ញ​! សម្លាប់​ស្ត្រី​ជា​សង្សារ​រួច ខ្លួនឯង​​​ដេក​គាំងបេះដូង​​​​ដែរ​

រាជធានីភ្នំពេញ ៖ គូស្នេហ៍ប្រុសស្រី២នាក់ បានបាត់បង់ជីវិតបន្តបន្ទាប់គ្នា បន្ទាប់ពី បុរសជាសង្សារកើតចិត្តខឹងសម្បារ បានប្រើហិង្សាច្របាច់.ក នឹងប្រើខ្សែភ្លើងឆក់ស្ត្រីជាសង្សារ បណ្តាលអោយដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល ហើយមិនបានប៉ុន្មានថ្ងៃក្រោយការសម្លាប់ផង ខ្លួនក៏ត្រូវដេកគាំងបេះដូងស្លាប់តាមក្រោយតែម្តង ។

ហេតុការណ៍ប្រទះឃើញសពអ្នកទាំង២នេះ បានកើតឡើងផ្ទួនៗគ្នា ដោយបុរសជាសង្សារត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី៣ នាវេលាព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២០ ។

ហើយសពស្ត្រីជាសង្សារក៏ត្រូវបានប្រទះឃើញស្លាប់ក្នុងសភាពហើមស្អុយ នាវេលាថ្ងៃត្រង់ថ្ងៃខែឆ្នាំដូចគ្នា នៅផ្ទះជួលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ប្រភពពីសមត្ថកិច្ចអោយដឹងថា សពបុរសរូបនោះមានឈ្មោះពៅ ពុត អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

រីឯសពស្ត្រីរងគ្រោះមានឈ្មេាះ សួង ធី អាយុ៣៣ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុ មានស្រុកកំណើតនៅភូមិខ្វិត ឃុំពាំងល្វា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ សពរបស់នាង ត្រូវបានម្ចាស់ផ្ទះជួល គាស់ទ្វារចូលទៅខាងក្នុងប្រទះឃើញដេកស្លាប់ ដោយសារបាត់ខ្លួននាងជាច្រើនថ្ងៃ ហើយមានធំក្លិនចេញពីបន្ទប់នាង ខណះបន្ទប់របស់នាង មានចាក់សោរពីខាងក្រៅ ។ក្រោយប្រទះឃើញសពហើយនេាះ នគរបាលជំនាញកោសល្យវិច្ច័យ បានពិនិត្យយ៉ាងល្អិតល្អន់រួច បញ្ជាក់ថា សពត្រូវបានស្លាប់ដោយសារការប្រើហិង្សាច្របាច់.ក រួចយកខ្សែភ្លើងឆក់អោយស្លាប់នៅហ្នឹងកន្លែងតែម្តង ។

ហើយសព គឺស្លាប់មិនក្រោមពី៣ ទៅ៤ថ្ងៃឡើយ ។ ក្រោយដឹងថា ករណីស្លាប់របស់ស្ត្រីរងគ្រេាះ ជាអំពើឃាតកម្មហើយនេាះ សមត្ថកិច្ចបានបើកការស្រាវជ្រាវ នឹងសាកសួរនាំព័ត៌មានពីម្ចាស់ផ្ទះជួលរួច ក៏លិចចេញព័ត៌មានថា សពស្ត្រីរងគ្រេាះ គឺជាមិត្តស្រីរបស់បុរសដែលប្រទះឃើញគាំងបេះដូងស្លាប់នៅឯផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ នាថ្ងៃជាមួយគ្នា ។

តាមការឆ្លើយអោយដឹង ពីបុរសជាម្ចាស់ផ្ទះ ពិសេសអ្នកជួលបន្ទប់ជាប់គ្នា អោយដឹងថា ៖ នាងជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងបានរយះពេល៣ខែមកហើយ ហើយកន្លងមកគេឧស្សាហ៍ឃើញបុរសជាសង្សារតែងមកលេងបន្ទប់ជាញឹកញ៉ាប់ផងដែរ មិនថា ពេលថ្ងៃ ឬយប់ឡើយ តែមិនបានដឹងថាទំនាក់ទំនងស្នេហារបស់ពួកគេទាំង២ស៊ីជម្រៅប៉ុណ្ណាឡើយ ។

អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ កឹម កល្យាណ អោយដឹងថា ៖ ជំុវិញករណីឃាតកម្មសម្លាប់ស្ត្រីរងគ្រោះខាងលើ ជនល្មើសជាអ្នកប្រព្រឹត្តិ គឺជាសពបុរសជាសង្សារ ដែលជាអ្នកសម្លាប់ ហើយការអះអាងថាបុរសជាសង្សារជាអ្នកសម្លាប់ គឺដោយផ្អែកលើចំណុចមួយចំនួនជាច្រើន ប៉ុន្តែនគរបាលមិនអាចបញ្ជាក់ប្រាប់សារព័ត៌មានបាននោះទេ ។

ដោយឡែក ចំពោះមូលហេតុ នៃការសម្លាប់វិញក៏ពំុមានប្រភពណាមួយ បញ្ជាក់អោយដឹងឡើយ ថាតើផ្តើមចេញពីដើមចមអ្វីដែលនាំអោយបុរសជាសង្សារដាច់ចិត្តឈានទៅសម្លាប់មនុស្សដែលខ្លួនធ្លាប់ស្រលាញ់ បែបនេះ ? យ៉ាងណាមិញ បច្ចុប្បន្នសពរបស់អ្នកទាំង២ ត្រូវបានបងប្អូនសាច់ញាតិទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតរៀងៗខ្លួនផងដែរ ៕

ដកស្រង់ពី់កោះសន្តិភាព