បណ្តាញសង្គម

ត្រឹមពាក្យសម្តីសោះ! ជាងឈើ​ម្នាក់​ហ៊ាន​លើកដៃប្រល័យជីវិត​ជាងសំណង់​

រាជធានីភ្នំពេញ ៖ បុរសជាជាងឈើម្នាក់បានជិះម៉ូតូ១គ្រឿងទៅដឹកជាងសំណង់ម្នាក់ទៀតចេញពីផ្ទះទៅកាន់កន្លែងផឹកស៊ីមួយកន្លែង លុះពេលផឹកស្រារហូតស្រវឹងធ្លាក់ភ្នែក ស្រាប់តែមានទំនាស់ពាក្យសម្ដីគ្នាកើតឡើង បន្ទាប់ពីការជជែកគ្នាតឹងសរសៃកអត់មានអ្នកឈ្នះនិងអត់មានចាញ់ក៏ឈានដល់ការវាយតប់គ្នាកើតឡើង។

ខណៈនោះបុរសជាជាងឈើ កញ្ឆក់បានឈើជ្រុងជើងគ្រែវាយសំពងទៅលើបុរសជាជាងសំណង់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។

បន្ទាប់មកជនដៃដល់ជាជាងឈើម្នាក់នោះមិនអាចរត់គេចខ្លួនរួចនោះឡើយ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រលួសឃាត់ខ្លួនបាន រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅក្រោមផ្ទះមួយកន្លែង តាមផ្លវបេតុង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា បុរសដែលជាជនដៃដល់ខាងលើនោះឈ្មោះបាន ពិសិដ្ឋ អាយុ៣០ឆ្នាំ មុខរបរជាងឈើ មានទីលំនៅក្នុងភូមិព្រែក ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកបុរសដែលបាត់បង់ជីវិតឈ្មោះ សោម ចិន្ដា អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង នៅក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានស្រុកកំណើត ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងចេញពីផ្ទះទៅដឹកបុរសរងគ្រោះដល់ផ្ទះជួល រួចបាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងផឹកស៊ីខាងលើជួបជុំគ្នាជាមួយនិងមិត្តភក្តិដែលជាកម្មករសំណង់២នាក់ទៀត។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែកក៏បាននិយាយទាក់ពាក្យសម្ដីគ្នារហូតក្លាយទៅជាទំនាស់ពាក្យសម្ដីគ្នាកើតឡើងយ៉ាងខ្លាំងរវាងជនដៃដល់និងជនរងគ្រោះ ព្រមទាំងឈានដល់ការប្រើហិង្សាវាយតប់គ្នាកើតឡើង។ ខណៈនោះជាងឈើបានទាញដំបងឈើជ្រុងជើងគ្រែវាយសំពងក្បាលជនរងគ្រោះចំនួន៣ដំបង បណ្ដាលជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរដួលដេកសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាមនិងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងយប់។

តាមប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា ពេលនោះ បុរសរងគ្រោះត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យឯកជនដែរ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេកក៏បានបាត់បង់ជីវិត ។

បន្ទាប់មកនគរបាលប៉ុស្តិ៍រលួសបានចុះទៅអន្តរាគមន៍ស្រាវជ្រាវទាំងយប់ និងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ដ្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យលើសពជនរងគ្រោះតាមជំនាញ។

ក្រោយពីការស្រាវជ្រាវ នគរបាលខាងលើបានឈានដល់ការចាប់ខ្លួនជនដៃដល់ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ រីឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព