បណ្តាញសង្គម

ឆក់យកជីវិតម្នាក់ ​របួសធ្ងន់​ស្រាល​៣​នាក់ ​ក្រោយ​ផ្ទុះ​គ្រាប់យ៉ាង​កក្រើក​

ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ផ្ទុះក្បាលគ្រាប់ត្បាលប្រភេទ៦០មីល្លីម៉ែត្រ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះស្មាន់ ម៉ា ភេទប្រុស អាយុ៥ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ២-ឈ្មោះអឹម ម៉ារ៉ា ភេទស្រី អាយុ៤ឆ្នាំ រងរបួសធ្ងន់ ៣-ឈ្មោះហេង ពៅ ភេទស្រី អាយុ៤ឆ្នាំ រងរបួសធ្ងន់ និង៤-ឈ្មោះសំ ស្មាន ភេទប្រុសអាយុ៤២ឆ្នាំ បានរងរបួស្រាល ត្រូវជាឪពុកបង្កើតរបស់កុមារារងគ្រោះឈ្មោះស្មាន់ ម៉ា ។

ជនរងគ្រោះទាំង៤នាក់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ តាមការបញ្ជាក់ពីលោកវរសេនីយ៏ទោឱ សេង អធិការនគរបាលស្រុកជាំក្សាន្តបានអោយដឹងថា មុនពេលកើតហេតុ បុរសឈ្មោះឈ្មោះសំ ស្មាន ត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះឈ្មោះស្មាន់ ម៉ា បានទៅស្រែ ហើយក៏បានប្រទះឃើញក្បាលគ្រាប់ត្បាល់ប្រភេទ៦០មីល្លីម៉ែត្រ ហើយក៏បានរើសកាន់មកទុកចោលនៅក្បែផ្ទះអស់ជាច្រើនឆ្នាំមកហើយ ក្រោយមកក៏បានយកគ្រាប់នោះទៅដុតចោលម្តងហើយ តែមិនផ្ទុះឡើយ លុះនៅថ្ងៃកើតហេតុ ក្មេងៗចំនួន៣នាក់បាននាំគ្នាយកគ្រាប់នោះមកដំលេង រួចក៏ផ្ទុះលាន់ឮយ៉ាងកក្រើកតែម្តង ។

បើតាមប្រភពពីបុរសឈ្មោះឈ្មោះសំ ស្មាន ត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះឈ្មោះស្មាន់ ម៉ា បាននិយាយថា គាត់មិននឹកស្មានថាកូនទៅរើសគ្រាប់នោះយកមកដំលេងឡើយ ក្រោយផ្ទុះភ្លាម ដុំផ្សែងខ្មៅបានរសាត់បាត់ទៅ ដោយបន្សល់ទុកនៅសពកូន ធ្វើឱ្យគាត់ជាឪពុកយំសោកបោកខ្លួន រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកោសល្យវិច្ច័យដោយសន្និដ្ឋានថា ជនរងគ្រោះទាំង៤នាក់ខាងលើនេះ គឺពិតជាបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល ដោយសាតែការផ្ទុះគ្រាបត្បាល់ប្រភេទ៦០មីល្លីម៉ែត្រ ដែលពួកគេបានយកមកដំលេងនោះប្រាកដមែន។ បន្ទាប់មកក៏បានប្រគល់សពកុមារារងគ្រោះម្នាក់អោយឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក កុមារីដែលរងរបួសធ្ងន់ទាំង២នាក់ខាងលើត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារ ៕

ដកស្រង់ពី៖កោះសន្តិភាព