បណ្តាញសង្គម

ចាប់ម្ដាយអប្រិយ នាំកូនស្រីអាយុ ៩ឆ្នាំ ឱ្យបុរសវៀតណាម រំលោភ ទាំងសំឡេងស្រែកឱ្យជួយ

កំពង់ចាម៖ ស្ដ្រីម្នាក់ បានប្រព្រឹត្ដនូវរឿង ដ៏ព្រៃផ្សៃ និងអគតិធ្វើឱ្យមាន ការថ្កោលទោស និងរិះគន់យ៉ាងខ្លាំង ព្រោះតែបាននាំ កូនស្រីបង្កើត របស់ខ្លួន អាយុទើបតែ ៩ឆ្នាំ ទៅឱ្យបុរស ជនជាតិវៀតណាម ចាប់រំលោភ ទាំងសំឡេង ស្រែកឱ្យម្ដាយជួយ យ៉ាងឈឺចាប់ ជាទីបំផុត ។

ប៉ុន្ដែទង្វើ ដ៏ព្រៃផ្សៃរបស់ ស្ដ្រីជាម្ដាយចិត្ដអប្រិយរូបនេះ ត្រូវបានចាប់ខ្លួន ដោយនគរបាល ខេត្ដកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ របស់ ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ បែន រត្ន័ ក្រោយពី ទទួលបានពាក្យ បណ្ដឹងពីជីដូន (ម្ដាយឪពុក ក្មេងស្រីរងគ្រោះ) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាល ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនិតិជន ខេត្ដកំពង់ចាម បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះគ ធ ន អាយុ៩ឆ្នាំ បច្ចុប្បន្នជា មួយជីដូនរបស់នាង អ្នកស្រីលុយ ស៊ាងហាក់ អាយុ៥១ឆ្នាំ រស់នៅភូមិចុងថ្នល់ ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយសារតែ ឪពុកម្ដាយ របស់នាង ជាប់ពន្ធនាគារពី បទចែកចាយថ្នាំញៀន ប៉ុន្ដែស្ដ្រីជាម្ដាយ ដែលជាជនសង្ស័យនោះ ទើបចេញពី ពន្ធនាគារ បានរយៈពេល ២ខែមក ហើយ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដថា ក្រោយ ពីចេញពន្ធនាគារ រយៈពេល២ខែ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ដ្រីជាម្ដាយរូបនេះ បានទៅយក កូនស្រី ពីជីដូន មកលេង ប៉ុន្ដែធាតុពិត បាននាំកូនរបស់ខ្លួនឯង ទៅឱ្យ បុរសជនជាតិ វៀតណាមម្នាក់ រំលោភនៅ ក្នុងបន្ទប់ជួល ក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាថ្នូរ និងលុយកាក់ ។

នៅពេលដែល ក្មេងស្រីរងគ្រោះ ត្រូវជន ជាតិវៀតណាមរូបនេះ ចាប់រំលោភក្នុងបន្ទប់ រូបនាងដែលពោរពេញ ទៅដោយការឈឺចាប់ ប្រដាប់ភេទ បានស្រែកហៅ ម្ដាយឱ្យជួយ ដែលនៅក្រៅ បន្ទប់ ប៉ុន្ដែម្ដាយអប្រិយរូប នេះ ធ្វើមិនដឹងមិនឮ ព្រោះតែ អំណាចដុល្លារ ។

ក្រោយពី ចាប់រំលោភរួចហើយ ក្មេងស្រី រងគ្រោះ ត្រូវម្ដាយ នាំទៅឱ្យជីដូន ពេលនោះ ជីដូន បានពិនិត្យឃើញ ស្ថានភាពចៅស្រី ស្លក់មុខ និងដើរមិនរួច ក៏នាំទៅកាន់ មន្ទីរពេទ្យ ឱ្យពិនិត្យមើល ទើបដឹងថា ប្រដាប់ភេទ ដាច់រយះ ក៏បែកធ្លាយ រឿងរ៉ាវនៃ ការចាប់រំលោភនេះ តែម្ដង ។

ក្រោយពីដឹងរឿង ដ៏គួរឱ្យឈឺចាប់និង អាណិតអាសូរ យ៉ាងពន់ពេក ចំពោះចៅស្រី ទើបតែមានអាយុ ៩ឆ្នាំនោះ អ្នកស្រីលុយ ស៊ាងហាក់ បានមកប្ដឹង នគរបាល ខេត្ដកំពង់ចាម ពេលនោះ លោកឧត្ដមសេនីយ៍ ស្នងការខេត្ដ ក៏បានចុះមកជួបផ្ទាល់ ដើម្បីសួរនាំពី ដំណើរ រឿងដ៏ព្រៃផ្សៃ មួយនេះ ។

មន្ដ្រីនគរបាល បានបញ្ជាក់ទៀតថា ក្រោយពីទទួលបាន ពាក្យបណ្ដឹង និងការរៀបរាប់ ទាំងឡាយពី ជីដូន និងក្មេងស្រី រងគ្រោះ លោកឧត្ដមសេនីយ៍ បែន រត្ន័ បាន បញ្ជាឱ្យសមត្ថកិច្ចជំនាញ ឃាត់ខ្លួនស្ដ្រី ជាម្ដាយឈ្មោះនៅ សារ៉ាន់ អាយុ៣៤ឆ្នាំ និងបុរសជនជាតិ វៀតណាម ឈ្មោះសុខ មិន អាយុ ៣៤ឆ្នាំ ស្នាក់នៅ ភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

មន្ដ្រីនគរបាលរូបនេះ បានឱ្យដឹងថា ស្ដ្រីជាម្ដាយ ជានារីឡង់សេ ស្រាបៀរ ហើយត្រូវបានចាប់ខ្លួន ជាប្ដីដាក់ពន្ធនាគារពី បទចែកចាយថ្នាំញៀន និងចេញពីពន្ធនាគារ មកវិញ ក្នុងរយៈពេល ២ខែមកនេះ ។ ក្រោយពីត្រូវ បានចាប់ខ្លួន និងសួរនាំពីទោស កំហុសដ៏អគតិមួយនេះ ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ សាលាដំបូង ខេត្ដកំពង់ចាម ចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល