បណ្តាញសង្គម

នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំ​ញៀន​២៩​កញ្ចប់

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវ និងឃាត់ខ្លួន ជាបន្តបន្ទាប់ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៨កញ្ចប់ និង១កញ្ចប់ធំ។

ការឃាត់ខ្លួន ជនសង្ស័យនេះបានធ្វើឡើងកាលពីវេលារសៀលថ្ងៃទី០៥ និងវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នៅចំណុចបន្ទប់ជួលមួយកន្លែង ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការដឹកនាំ ដោយលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងទទួលផែនអន្តរាគមន៍ និងលោកវរសេនីយ៍ទោ អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១.ឈ្មោះ សំរិទ្ធ អៀន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងឃាត់ខ្លួនខាងលើជាម្ចាស់ថ្នាំ២៤កញ្ចប់តូច និង១កញ្ចប់ធំ។ ទី២.ឈ្មោះ ប៉ាត់ សូនី អាយុ២២ឆ្នាំ ដកហូតថ្នាំបាន ៤កញ្ចប់តូច សរុបទាំងអស់ចំនួន២៨កញ្ចប់តូច និង១កញ្ចប់ធំ។

តាមនគរបាលខណ្ឌ ជ្រោយចង្វារ បានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី០៥ ខែកក្កដា កម្លាំងនគរបាលប៉ុស្តិ៍បាក់ខែង បានល្បាត ក្នុងមូលដ្ឋានក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាត់ សូនី ដោយដកហូតបានថ្នាំញៀន ចំនួន ៤កញ្ចប់។

បន្ទាប់ពីឃាត់ខ្លួន តាមចម្លើយសារភាព នគរបាលក៏បានធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលជាមេខ្លោង ព្រមទាំងឆែកឆេរដកហូតបាន ថ្នាំញៀន ចំនួន២៤កញ្ចប់ និង១កញ្ចប់ធំទៀត។ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននគរបាលបញ្ចូន ទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព