បណ្តាញសង្គម

នាយរង ប៉ុស្តិ៍នគរបាលឃុំសឿម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់សម្លាប់ សង្ស័យរឿងគំនុំ ស្នេហាត្រីកោណ

បាត់ដំបង៖ នាយរង ប៉ុស្តិ៍នគរបាល ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់ ១ដែកឆាប បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ៨ និង ១៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ផ្លូវលេខ១ មាត់ស្ទឹងសង្កែ ស្ថិតក្នុង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សង្ស័យគំនុំស្នេហា ត្រីកោណ សពជនរងគ្រោះ ត្រូវប្រពន្ធ ដឹកយកទៅ លំនៅដ្ឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី។

លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរង នគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវជនមិន ស្គាល់មុខ បានចាក់សម្លាប់នោះ មានឈ្មោះ ស្រី វណ្ណារ៉ា អាយុ ៣៧ឆ្នាំ មានតួនាទី ជានាយរងប៉ុស្តិ៍ន គរបាល ឃុំសឿ ស្រុកមង្គលបុរី ខេត្ត បន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជេត វណ្ណនី បានបញ្ជាក់ថា បើតាមស្រ្តី ៣នាក់ ដែលបាន រួមដំណើរ ជាមួយនៅយប់ កើតហេតុ បានប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ មានគ្នាទាំង ៣នាក់ ក្នុងនោះ មានប្រពន្ធចុងម្នាក់ មានមុខរបរ ជាសំអាងការ និងកូនជាង ២នាក់ផង មកហូប ចំណីអាហារ នៅមាត់ស្ទឹង នាគបាញ់ទឹក នៅម្តុំសណ្ឋាគារប៉ារីស ផ្លូវលេខ៣ ភូមិសង្កាត់ខាងលើ ។

បន្ទាប់មកជនរងគ្រោះ បម្រុង ឌុបពួកគេទាំង ៣ នាក់ បន្តទៅដើរមើល ស្តង់លក់ឥវ៉ាន់ ពិព័រណ៍ ក្នុងឱកាស បុណ្យអុំទូក តែពួកគេ ទាំង ៣នាក់ថា ទុកឲ្យពួកគេ ដើរលេងៗ ទៅបានហើយ ទុកឲ្យជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ក្នុងគោលបំណង ចង់ទៅទិញ ខ្សែក្រវ៉ាត់ ១ផង ភ្លាមៗនោះ ជនរងគ្រោះ កំពុងបណ្តើរ ម៉ូតូបម្រុងជិះទៅ ស្រាប់តែមាន ជនមិនស្គាល់មុខ បានយកដែកឆាបស្រួច ចាក់ចំស្លាប ប្រជាវ លិចចូលប្រហែល ១៥សង់ទីម៉ែត្រ ពេល នោះជនរងគ្រោះ ខំប្រឹងជិះម៉ូតូបានជាង ១០០ម៉ែត្រ ដល់ចុងស្ពានលោក ស ខេង ត្រើយខាងលិច ក៏ បានដួលតែម្តង សន្លប់ហូរឈាម ជាច្រើន លើចិញ្ចឹមថ្នល់តែម្តង ។

បន្ទាប់ពីជនរងគ្រោះ បានដួលសន្លប់ នោះ គឺនៅក្បែរក្រុម សមត្ថកិច្ច ដែលឈរជើង ជាប្រចាំនៅទីនោះ ក៏បានឃើញ ហេតុការណ៍នេះ ភ្លាមបាន នាំជនរងគ្រោះ ទៅសង្គ្រោះ នៅមន្ទីរខេត្ត រួចជនរងគ្រោះ ក៏បានដាច់ខ្យល់ ស្លាប់តែម្តង ។ លុះព្រឹកឡើង ទើបប្រពន្ធ ដើមជនរងគ្រោះ មកដឹកសពយកផ្ទះវិញ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។

សមត្ថកិច្ចជំនាញ បានសន្និដ្ឋាន ជាបឋមថា ករណីឃាតកម្ម ដែលកើតឡើងនេះ ប្រហែល កើតមកពីរឿង គំនុំស្នេហា ត្រីកោណ ផងមើលទៅ ។

បើតាម ប្រភពព័ត៌មាន ផ្សេងទៀត បានឲ្យដឹងថា ប្រពន្ធចុង ជនរងគ្រោះ ធ្លាប់មានប្តី និងមានកូន២នាក់ ហើយ ក៏បែកបាក់គ្នា មកស្រឡាញ់ ជនរងគ្រោះ ធ្វើប្រពន្ធចុង ហើយផ្លាស់ទីលំនៅ មកជួលផ្ទះនៅបាត់ ដំបង ដើម្បីប្រកប មុខរបរ សំអាងការ និងមានកូនជាង ស្រីៗនៅជាមួយផង ។

ពាក់ព័ន្ធ ទៅនឹងករណី ឃាតកម្មនេះ សមត្ថកិច្ច ជំនាញបាន និងកំពុង ហៅអ្នកពាក់ព័ន្ធ ជនរងគ្រោះទាំង អស់ ធ្វើការសាកសួរ នៅស្នងការខេត្ត ដើម្បីស្រាវជ្រាវ រកមុខសញ្ញា ជនដៃដល់ តែនៅព្រឹកថ្ងៃទី៤ ខែ តុលានេះ ការស្រាវជ្រាវ ពុំទាន់បាន ទទួលលទ្ធផល នៅឡើយទេ ព្រោះសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត បន្តទៀត ៕