បណ្តាញសង្គម

ក្រោយ​ស៊ើប ពិតជា​បំពាន​លើ​នគរបាល​នារី ស្នងការ​ខេត្តកំពង់ធំ ធ្លាក់​ពី​ផ្កាយ​២ មក​ស័ក្តិ​៥

ខេត្តកំពង់ធំ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាផ្លូវការហើយ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ។

ក្រៅពីបញ្ចប់តំណែងជាស្នងការខេត្ត ក្រសួងមហាផ្ទៃ ក៏បានធ្វើលិខិតស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបន្ថយឋានន្តរស័ក្កិ របស់លោក អ៊ុក កុសល ពីឧត្តមសេនីយ៍ទោ (ផ្កាយ២) មកនៅត្រឹមវរសេនីយ៍ឯក (ស័ក្តិ៥) ។ ការបញ្ចប់តំណែងលោកស្នងការនគរបាលខេត្តកំពង់ធំរូបនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមការងាររបស់ក្រសួងមហាផ្ទៃ បានរកឃើញកំហុស របស់លោកស្នងការ អ៊ុក កុសល ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស លើមន្ត្រីនគរបាលជានារី ដែលជាកូនចៅរបស់ខ្លួន ពិតប្រាកដមែន ។

មន្ត្រីនគរបាលជានារី ចំនួន០៤នាក់ បានដាក់ពាក្យបណ្តឹង ប្តឹងមកសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យជួយរកយុត្តិធម៌ ។ បើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន កាលពីព្រលប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះថា សម្តេចក្រឡាហោម ស ខេង បានចេញប្រកាសជាស្ថាពរហើយ គឺបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែកញ្ញា ហើយក្រសួងមហាផ្ទៃបានស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបន្ថយ

ឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ទោ (ផ្កាយពីរ) មកនៅត្រឹមវរសេនីយ៍ឯក (ស័ក្តិ៥) ប៉ុន្តែលោក អ៊ុក កុសល ស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលដដែល ៕

ដកស្រង់ពី៖កោះសន្តិភាព