បណ្តាញសង្គម

ហ៊ាន​ណាស់​! ទើបតែ​ម៉ោង​៨​យប់ ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​មក​វាយ​​យក​ម៉ូតូ​តែ​ម្តង

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្មេងទំនើងមួយក្រុមជិះម៉ូតូជាង10គ្រឿងមកព្រួតវាយយកម៉ូតូ១គ្រឿងពីជនរងគ្រោះបានសម្រេច បន្ទាប់មកជនសង្ស័យឃើញមានអ្នកមកជួយ ទើបធ្វើឱ្យភ័យស្លន់ពេក ក៏ផ្តួលម៉ូតូរបស់ពួកគេ២គ្រឿងចោលនៅកន្លែងកើតហេតុ រួចឡើងជិះម៉ូតូរបស់ជនរងគ្រោះម៉ាកស៊ុយសុគីនិច រត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង8និង15នាទីយប់ ថ្ងៃទី8 ខែកញ្ញា ឆ្នាំ2020 តាមបណ្តោយផ្លូវ255 នៅចំណុចក្រោយសាលាបឋមសិក្សា ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។តាមប្រភពពីសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនលកើតហេតុ គេឃើញជនរងគ្រោះទាំងអស់មានគ្នា៦ទៅ៧នាក់ ហើយមានម៉ូតូ7គ្រឿង ពួកគេ (ជនរងគ្រោះ) ទាំងនោះ គឺជាអ្នកដឹកអីវ៉ាន់អនឡាញឱ្យក្រុមហ៊ុនមួយ ។ ខណៈនោះក្រុមជនរងគ្រោះកំពុងអង្គុយលេងសុខៗ ក៏ត្រូវលេចមុខក្រុមជនសង្ស័យមានគ្នាជាង10ម៉ូតូ ប្រដាប់ទៅដោយដាវសាំម៉ូរ៉ៃជិះចូលមកកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខ្ទេចម៉ូតូអស់៣ទៅ៤គ្រឿងផងដែរ។

សាក្សីបន្តថា ភ្លាមៗនោះដែរ ម៉ូតូរបស់ជនរងគ្រោះម៉ាកស៊ុយសុគីនិច ពណ៌លឿង មិនចាំស្លាកលេខនោះទេ ត្រូវបានជនសង្ស័យលើកឡើង រួចជិះរត់គេចខ្លួនបាត់ស្រមោល។សាក្សីបន្តទៀតថា ចំណែកម៉ូតូ២គ្រឿងផ្សេងទៀត ក្នុងមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី2018 ដែលជារបស់ជនសង្ស័យ បានទុកចោលនៅកន្លែងកើតហេតុនោះ ដោយសារតែគ្រានោះពួកគេទាំងនោះភ័យស្លន់ស្លោពេក ព្រោះតែឃើញបក្សពួកជនរងគ្រោះ និងអ្នករស់នៅក្នុងភូមិចេញមកជួយអន្តរាគមន៍ ទើបជនសង្ស័យភ័យក៏ផ្តួលម៉ូតូចោលតែម្តង។ក្រោយពេលកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក មកទទួលយកម៉ូតូទាំង២គ្រឿងនោះទៅរក្សាទុកនៅប៉ុស្តិ៍បឹងសាឡាង ដើម្បីតាមដានស្រាវជ្រាវរកចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ រីឯជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងសាឡាងផងដែរ ដើម្បីឱ្យសមត្ថកិច្ចធ្វើទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព