Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់​ទៅ​បោះ​បាយបិណ្ឌ​ លុះ​​ត្រឡប់​មក​វិញ​​ក្របី​​អស់ពី​ក្រោល​​ផ្អើល​

  • បោះពុម្ព

ខេត្តកណ្តាល ៖ តាមព័ត៌មានបឋមឲ្យដឹងថា គ្រួសារកសិករមួយនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល បានត្រូវចោរលួចក្របីពីក្រោលអស់៥ក្បាល និងមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៤០នាទីភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ខណៈម្ចាស់ងើបពីដំណេក។ស្ត្រីឈ្មោះ អុន សុខជា អាយុ៣២ឆ្នាំ ជាម្ចាស់ក្របី រៀបរាប់ប្រាប់សមត្ថកិច្ចថា ប្ដីប្រពន្ធគាត់ចិញ្ចឹមក្របីចំនួន៧ក្បាល គឺមេ៤ក្បាល កូន២ក្បាល និងឈ្មោល១ក្បាល ។

ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៥ទៅ៦ព្រឹក គាត់តែងដឹកក្របីចេញពីក្រោលទៅចងនិងលែងឲ្យស៊ីស្មៅនៅក្រោយផ្ទះ រហូតវេលាម៉ោង៥ល្ងាចទើបដឹកចូលក្រោលវិញ ។នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ គាត់បញ្ចូលក្របីក្នុងក្រោល និងចងបិទទ្វាររបងខាងក្រោមផ្ទះដូចសព្វដង រួចក៏ចូលដាំបាយហូបជាមួយក្រុមគ្រួសារ ។ បន្ទាប់មក រូបគាត់និងប្តីនាំគ្នាទៅចូលរួមពិធីបង្កក់កូនគេនៅផ្ទះឈ្មោះ អុន វិចិត្រ ហើយមានការផឹកស៊ីនៅទីនោះ ។

រហូតដល់វេលាម៉ោងប្រមាណ៩យប់ គាត់ក៏មកផ្ទះមុនប្តីដើម្បីមើលកូន ដែលពេលមកដល់ទៅមើលក្របីក្នុងក្រោលឃើញនៅទាំងអស់ ហើយគាត់ក៏ឡើងទៅដេកនៅលើផ្ទះជាមួយកូនទៅ ។

លុះនៅម៉ោងប្រហែល១១យប់ ប្ដីគាត់មកពីចូលរួមកម្មវិធីដល់ផ្ទះវិញ ទៅមើលក្របីក្នុងក្រោលក៏ឃើញនៅទាំងអស់ដែរ រួចក៏ឡើងលើផ្ទះចូលដេកដែរទៅ ។ នៅវេលាម៉ោងប្រមាណ៥និង៤០នាទីភ្លឺ គាត់មានបំណងទៅបោះបាយបិណ្ឌ ក៏ដាស់ប្ដីឲ្យដឹកក្របីចេញពីក្រោលយកទៅចងឲ្យស៊ីស្មៅ ពេលនោះស្រាប់តែប្ដីស្រែកទាំងរំជួលចិត្តថា ក្របីយើងបាត់អស់ហើយ ។ ពេលនោះក៏មានការផ្អើលឆោឡោឡើង និងបានទូរសព្ទ័ប្រាប់បងប្អូនចែកផ្លូវគ្នាដើររក និងទូរស័ព្ទទៅប្តឹងនគរបាលប៉ុស្ដិ៍សំបួរមាសភ្លាមៗដែរ ប៉ុន្តែស្ងាត់ដូចចោរលួចសេះ មិនដឹងថាចោរដឹកក្របីចេញពីក្រោលតាំងពីថ្មើរណាទេ ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយកម្លាំងយុត្តិធម៌ស្រុក ចុះទៅដល់កន្លែងកើតហេតុនិងស្វែងរកមុខសញ្ញាជាមួយម្ចាស់ក្របី ។ ពេលនោះក៏បានរកឃើញកូនក្របីចំនួន២ក្បាល ដែលចោរលែងចោលទំនងដឹកទៅមិនរួច ចំណែកមេចំនួន៤ ក្បាលនិងឈ្មោល១ក្បាលស្ថិតនៅដៃចោរនៅឡើយទេ ។ ទោះជាយ៉ាងណា ករណីនេះមន្ត្រីនគរបាលជំនាញនិងនគរបាលប៉ុស្តិ៍ កំពុងដុតដៃដុតជើងបន្តស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព