បណ្តាញសង្គម

ស្ពាន​តាអោ​ង ហៅ​ស្ពាន​បុរាណ ឆក់​យក​​ជីវិត​យុវជន​ម្នាក់ ក្រោយ​ពី​នាំ​គ្នា​ទៅ​​លេង

ខេត្តសៀមរាប ៖ យុវជនម្នាក់បាននាំគ្នាជាច្រើននាក់ទៅលោតទឹកលេងពីលើស្ពានតាអោង ហៅ ស្ពានបុរាណ ក៏ស្រាប់តែយុវជនរូបនេះលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិតតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលចោមរោមមើលពេញផ្លូវ កាលពីម៉ោង១និង១០នាទីរសៀល ក្រោយមកក៏រកឃើញសាកសពវិញនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្ពានតាអោង ហៅ ស្ពានបុរាណ ស្ថិតក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់ឱ្យថា ជនរងគ្រោះមានឈ្មោះ ទុំ មករា អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំបោរអរ ឃុំខ្វាវ ស្រុកជីក្រែង។

លោកបានបន្ថែមថា តាមការបំភ្លឺរបស់អ្នករស់នៅជិតខាង និងឪពុកម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនរបស់គាត់បាននាំគ្នាទៅងូតទឹកលេងនៅស្ពានតាអោង ហៅស្ពានបុរាណ ដូចសព្វដង ប៉ុន្តែជាអកុសលបែរជាបាត់បង់ជីវិតតែកូនរបស់គាត់ទៅវិញ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញរបស់អធិការដ្ឋាននគរបាលស្រុក ក៏បានចុះទៅដល់ ហើយធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យទៅលើដងខ្លួនសាកសពជនរងគ្រោះ ទើបសន្និដ្ឋានបានថា ជនរងគ្រោះពិតជាលង់ទឹក បណ្តាលឱ្យបាត់បង់ជីវិតពិតមែន មិនជាប់ពាក់ព័ន្ធទៅនឹងករណីបទល្មើសព្រហ្មទណ្ឌនោះទេ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព