បណ្តាញសង្គម

អធិការនគរបាល ខណ្ឌចំការមន បដិសេធការចង់ស៊ីដាច់ ម៉ូតូក្រុមក្មេងស្ទាវ ក្រោយឃាត់ទុក នៅប៉ុស្តិ៍ទួលទំពូងទី២

ភ្នំពេញ៖ អធិការនគរបាល ខណ្ឌចំការមន លោក យិន សាន បានឆ្លើយ បដិសេធ និងច្រានចោល ទាំងស្រុង ចំពោះសេចក្តី រាយការណ៍ និងព័ត៌មាន ដែលថា មន្ត្រីនគរបាល របស់លោក នៅប៉ុស្តិ៍នគរបាល ទួលទំពូងទី២ ចង់ ស៊ីដាច់ ម៉ូតូក្រុម ក្មេងស្ទាវ មួយគ្រឿង ដែលត្រូវបានក្រុម នគរបាលល្បាត របស់លោក ឃាត់ទុកកាលពី យប់រំលង អធ្រាត្រ ឈានចូល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ។

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នេះ លោក យិន សាន បានអះអាងថា តាមពិតទៅ ម៉ូតូក្រុមក្មេងស្ទាវ មួយគ្រឿង ដែលមន្ត្រី នគរបាល របស់លោក នៅប៉ុស្តិ៍ទួល ទំពូងទី២ ឃាត់បាន ពេលកំពុង ចុះល្បាត ពេលយប់នោះ គឺពួកគេទាំង ៣នាក់ មិនបានប្រព្រឹត្ត បទល្មើសអ្វីនោះ ឡើយ ដូច្នេះមន្ត្រី នគរបាល ក៏អនុញ្ញាត ឲ្យពួកគេត្រឡប់ទៅវិញ ប៉ុន្តែត្រូវទុកម៉ូតូ នៅទីស្នាក់ការប៉ុស្តិ៍ ដោយរង់ចាំ ការយក ឯកសារពាក់ព័ន្ធ មកបង្ហាញជាមុនសិន ។

អធិការ នគរបាលរូបនេះ បានបញ្ជាក់ថា នៅពេល នគរបាល របស់លោកកំពុង ចុះល្បាតក្នុងមូលដ្ឋាន ស្រាប់តែ ប្រទះឃើញពួក គេទាំង ៣នាក់ កំពុងជិះម៉ូតូគ្រឿង ពាក់ស្លាកលេខ នគរបាល ពេលនោះ ក៏មានការសង្ស័យ ហើយហៅ ឲ្យឈប់ឃាត់ សួរនាំ រួចពួកគេឆ្លើយថា ម៉ូតូនេះជារបស់បងប្រុស ។

ក្រោយពេល សួរនាំថា មិនពាក់ ព័ន្ធបទល្មើសអ្វីមួយ លោកក៏បានបញ្ជា ឲ្យនគរបាល នៅប៉ុស្តិ៍ដោះលែង ពួកគេត្រឡប់ ទៅវិញ ប៉ុន្តែបាន ធ្វើសាវតា ជាតិរួចរាល់អស់ហើយ ដោយឡែកម៉ូតូ របស់ពួកគេ ត្រូវទុកនៅ ទីស្នាក់ការប៉ុស្តិ៍ ជាបណ្តោះអាសន្ន ដើម្បីឲ្យយក ឯកសារ ពាក់ព័ន្ធ មកបង្ហាញ ជាមុនសិន ទើបប្រគល់តាមក្រោយ ដូច្នេះគ្មានគំនិត ណាមួយចង់ស៊ីដាច់ ម៉ូតូនោះទេ ។

លោក យិន សាន ក៏បានបង្ហាញការ អន់ចិត្តថា ខំចុះល្បាត ក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ ដោយការនឿយហត់ ប៉ុន្តែបែរ ជាមានព័ត៌មាន និងរឿងរ៉ាវ ចោទប្រកាន់ បែបនេះទៅវិញ ធ្វើឲ្យមន្ត្រី នគរបាល របស់លោកបាក់ទឹកចិត្ត លើការល្បាត ដើម្បី រក្សាសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ក្រុមក្មេងស្ទាវ ៣នាក់ និងម៉ូតូ មួយគ្រឿងម៉ាក ឡែត ពាក់ស្លាកលេខ នគរបាល ១-១២២៤ ត្រូវ បាននគរបាល ប៉ុស្តិ៍ទួលទំពូងទី២ ចាប់ឃាត់ សួរនាំនៅតាមផ្លូវលេខ ១៦៣ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែក្រោយការសួរនាំ ក្រុមក្មេងស្ទាវទាំង ៣នាក់ ត្រូវបានអនុញ្ញាតឲ្យ ត្រឡប់ទៅវិញ ទុកតែម៉ូតូ នៅទីស្នាក់ការប៉ុស្តិ៍ ។

រហូតមកដល់ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នេះ មិនទាន់ឃើញម្ចាស់ ម៉ូតូណាម្នាក់ យកឯកសារ ពាក់ព័ន្ធ មកបង្ហាញ សមត្ថកិច្ចនោះទេ ។ គួររំលឹកថា កាលពីពេលថ្មីៗនេះ អង្គភាពប្រឆាំង អំពើពុករលួយ ACU បានបង្ហាញការ ភ្ញាក់ផ្អើលមួយ តាមរយៈ ការចាប់ខ្លួន អតីតនគរបាល ខណ្ឌមានជ័យ លោក ហ៊ី ណារិន ពាក់ព័ន្ធ ទៅនឹងសកម្មភាព ប្រព្រឹត្តពុករលួយ ជាពិសេស  ការលួចស៊ីដាច់ លុយកូនចៅ របស់ខ្លួន តាំងឆ្នាំ២០០៦ សរុបជាង ៦០ម៉ឺនដុល្លារ ដែលការចាប់ខ្លួននេះ ធ្វើឲ្យមានការ ពញ្ញាក់ស្មារតី និងសតិអារម្មណ៍ ចំពោះមន្ត្រីនគរបាល និងសមត្ថកិច្ច ផ្សេងទៀត ឲ្យដកខ្លួន ចេញពីអំពើ ពុករលួយ ដែលធ្លាប់ជាប់ ពាក់ព័ន្ធនា ពេលកន្លងទៅ ។ 

គ្មាននរណា នឹងស្មានថា សូម្បីតែលោក ហ៊ី ណារិន ផ្ទាល់ខ្លួន ក៏មិនគិតដល់ថា ACU ហ៊ានចាប់ខ្លួន រូបលោកនោះឡើយ ពីព្រោះមាន សែស្រឡាយ និងខ្នង បង្អែកយ៉ាងធំ នៅក្រសួងមហាផ្ទៃ ប៉ុន្តែទីបំផុត ត្រូវជាប់ពន្ធនាគារ និងរលាយ អស់បុណ្យស័ក្តិ ជានគរបាលក្នុង មួយប៉ប្រិចភ្នែក ៕

ដកស្រង់ពី៖ ដើមអម្ពិល