បណ្តាញសង្គម

នគរបាលប៉ុស្តិ៍ទន្លេបាសាក់ រាជធានីភ្នំពេញ ឃាត់ខ្លួនកម្មករសំណង់ ៦នាក់ និង ដាវសាំម៉ូរ៉ៃ ២ដើម

ភ្នំពេញ៖ ក្រុមកម្មករសំណង់ ចំនួន ៦នាក់ ត្រូវនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីពួកគេ កាន់ដាវស៊ាំម៉ូរៃចំនួន ២ដើម ចូលទៅ ផឹកស៊ីក្នុងហាង ដែលមានយីហោ រហាត់លាភ ស្ថិតនៅ ជិតស្ថានទូត រុស្ស៊ី ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន កាលពីវេលាម៉ោង ២១នឹង ៣០នាទី យប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៤ ។

សេចក្តីរាយការណ៍ នគរបាលប៉ុស្តិ៍ ទន្លេបាសាក់ បានអោយដឹងថា មុនឈានដល់ការ ឃាត់ខ្លួនពួកគេ យកមកសួរនាំនោះ គឺដំបូងឡើយ យុវជនទាំង ៦នាក់ បានដើរថ្មើរជើង កាន់ដាវស៊ាំម៉ូរៃចំនួន ២ដើម ទៅអង្គុយផឹក ស៊ីហាងរ ហាត់លាភ មិនដឹងគោលបំណង ពួកគេបម្រុង នឹងយកដាវទាំងនោះ ទៅកាប់ចាក់អ្នកណាទេ ។

ដោយឃើញដូចនោះ មេកាក្នុងហាង បានទូរស័ព្ទ រាយការណ៍ មកសមត្ថកិច្ច មូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ ឃាត់ខ្លួនពួកគេ យកសួរនាំ ។ ប្រភពដដែលបន្តថា ក្រោយទទួល បានដំណឹងភ្លាមៗ កម្លាំងនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ បានចុះអន្តរាគមន៍ ឃាត់ពួកគេ យកទៅកាន់ ទីស្នាក់ការ នគរបាលប៉ុស្តិ៍ ដើម្បីសាកសួរ ព័ត៌មានអោយបាន ច្បាស់ថា មូលហេតុអ្វីបាន ជាយុវជនទាំងនោះ យកដាវស៊ាំម៉ូរៃ ជាប់ខ្លួនបែបនេះ ។

នៅចំពោះមុខសមត្ថកិច្ច យុវជនទាំង ៦នាក់ បានឆ្លើយដាក់គ្នា ទៅវិញទៅមកថា ដាវស៊ាំម៉ូរៃនេះ មិនមែនរបស់ ពួកគេឡើយ ប៉ុន្តែមានម្នាក់ ក្នុងចំណោម បក្ខពួកទាំង ៦នាក់ បានឆ្លើយថា មូលហេតុដែលខ្លួនយក ដាវមកតាមខ្លួន គឺដើម្បីទុក្ខការពារខ្លួន ព្រោះខ្លាច ក្រុមក្មេងស្ទាវវាយធ្វើបាប ។

ដោយសារពួកគេ មិនឆ្លើយត្រង់ៗ ដូច្នេះសមត្ថកិច្ច សម្រេចកសាង សំណុំរឿង បញ្ជូនខ្លួន ពួកគេទៅកាន់ អធិការដ្ឋាន នគរបាលខណ្ឌ ចំការមន រង់ចាំការសាកសួរបន្ត ៕

ដកស្រង់ពី៖ ដើមអម្ពិល