បណ្តាញសង្គម

បាក់ច្រាំងទន្លេនៅមុខ សណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ផ្លូវមាត់ទន្លេ ត្រូវហាមឃាត់មិនឲ្យឆ្លងកាត់

កំពង់ចាម៖ ច្រាំងទន្លេ ប្រវែងជាង ២០ម៉ែត្រ និងមានស្នាមប្រេះ ជាច្រើនម៉ែត្រ បូករួមទាំងជម្រៅជាង ១០ម៉ែត្រ ស្ថិតនៅមុខ សណ្ឋាគារ មេគង្គ ភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបាក់ស្រុត ចូលទៅក្នុងទន្លេ កាលពី យប់ថ្ងៃទី១៨ ខែតុលា និងរហូតមកដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ ។

ហើយគ្រោះ ធម្មជាតិមួយនេះ បានបង្ខំឲ្យម្ចាស់ អាហារដ្ឋាន ខ្យល់ទន្លេ ត្រូវរុះរើផ្នែកខាងក្រោយ ចេញភ្លាមៗ ខណៈ កំណាត់ផ្លូវព្រះសីហនុ នៅជាប់មាត់ ទន្លេត្រូវដាក់របាំង ហាមឃាត់កុំឲ្យ រថយន្តធុនធំឆ្លងកាត់ ។

យ៉ាងណាក៏ដោយ សម្រាប់ការបាក់ច្រាំងទន្លេ នៅក្រុងកំពង់ចាម ខាងលើនេះ មិនបណ្តាលឲ្យ រងគ្រោះថ្នាក់ណា មួយដល់ ប្រជាពលរដ្ឋនោះឡើយ។ ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម លោក អ៊ុង វិបុល បានថ្លែងឲ្យដឹងថា ការបាក់ច្រាំងទន្លេ នៅមុខសណ្ឋាគារមេគង្គ បានកើតឡើងកាលពី វេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ហើយតាម ការពិនិត្យជាក់ស្តែង ការបាក់នេះ មានប្រវែងប្រមាណ ៦៥ម៉ែត្រ និងជម្រៅ ១៣ម៉ែត្រ ដែលបូករួមទាំង ស្នាមប្រេះផងនោះ។

លោក អ៊ុង វិបុល បានបញ្ជាក់ថា ក្រោយមានហេតុការណ៍ ខាងលើនេះកើតឡើង ថ្នាក់ដឹកនាំខេត្ត បានដាក់របាំង នៅលើកំណាត់ ផ្លូវព្រះសីហនុ កុំឲ្យរថយន្តធុនធំ ឆ្លងកាត់ជា បណ្តោះអាសន្ន ។ មន្រ្តីនគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ផងដែរថា «ការបាក់ច្រាំងទន្លេ នៅមុខសណ្ឋាគារ មេគង្គ បានបង្ខំឲ្យអាគារ អាហារដ្ឋាន មួយផ្នែក ត្រូវស្រុត ហើយការបាក់នេះ គឺបាក់ជិតមកដល់ ចិញ្ចើមផ្លូវព្រះសីហនុ តែម្តង » ។

មន្រ្តីនគរបាល ដដែល បានបន្តទៀតថា « ផ្លូវមាត់ទន្លេមុខ សណ្ឋាគារមេគង្គ នៅប្រមាណជា ៥ម៉ែត្រទៀតប៉ុណ្ណោះ នឹងដល់ចិញ្ចើម ផ្លូវហើយ »។ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន និង សេចក្តីរាយការណ៍ ចំពោះគ្រោះធម្មជាតិមួយនេះ លោកបានត្រៀម កម្លាំងអន្តរាគមន៍ រួចជាស្រេច សហការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីទៅលើក និងទប់កុំឲ្យ មានការបាក់ និងស្រុតតទៅទៀត នាំឲ្យប៉ះពាល់ ដល់ផ្ទះ ឫអាហារដ្ឋាន របស់ប្រជាពលរដ្ឋ នៅជាប់មាត់ទន្លេនោះ។

ដោយឡែក មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានពន្យល់ថា ការបាក់ច្រាំងទន្លេ នៅមុខ សណ្ឋាគារ មេគង្គ ក្នុងក្រុង កំពង់ចាម និងការបាក់ច្រាំងទន្លេ នៅឃុំសូរគង ស្រុកកងមាស នោះ មិនបណ្តាលមកពី ការបូមខ្សាច់ឡើយ ផ្ទុយទៅវិញ ការបាក់នេះ មកពីមិនដែល បានស្តារ ឫកាយបាតទន្លេទៅវិញ ។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក បានបញ្ជាក់ថា «យើងលើកឧទារហណ៍ យកស្រទបចេក ហើយដាក់ទឹកឲ្យពេញ ពេលនោះទឹកហូរ ជាធម្មតា ប៉ុន្តែបើយើងដាក់ដុំថ្ម មួយដុំចូលទៅក្នុង ស្រទបចេកនោះ ទឹក នៅក្នុងស្រទបចេក និងហៀរ ចេញជាក់ជាមិនខានឡើយ » ។

លោកបានបន្តទៀតថា សម្រាប់ការ បាក់ច្រាំង នៅឃុំសូរគង ស្រុកកងមាស គឺបណ្តាល មកពីបាតទន្លេ ពុំមានការ បូម និងសំអាត ហើយនៅទីនោះ មានកោះតូចមួយ ដុះចំកណ្តាលទន្លេ ដែលកោះនេះ បានរីកធំទៅៗ ដូច្នេះកោះ កាន់តែរីកធំ នោះទឹកនឹងហៀរ ចេញ ហូរមកបុកច្រាំង នាំឲ្យបាក់យ៉ាងដូច្នេះ។

ដោយឡែក នៅទន្លេមេគង្គ ក្រុងកំពង់ចាម ដែលនាំឲ្យបាក់ច្រាំងនោះ គឺមានកោះដាច់ មួយនៅខាងលើ ស្ពានគីហ្សូណា ដែលនាំឲ្យទឹកហូរ មកបុកច្រាំង នៅពេលមានកោះ រីកកាន់តែធំ ។ លោកសង្កត់ថា «បើយើងមានការសំអាត និងស្តារ មិនឲ្យមានដី ដុះនៅក្នុងទន្លេនោះ ការបាក់ច្រាំង ក៏មិនកើត មានឡើង ដូច្នេះការបាក់ច្រាំង មិនបណ្តាល ឲ្យមកពីការបូមខ្សាច់ឡើយ បើសិនការ បូមខ្សាច់ទាំងនោះ ត្រូវបាន ធ្វើឡើងតាមបទដ្ឋាន បច្ចេកទេស » ៕