បណ្តាញសង្គម

ចាប់​​ក្របួច​ជនសង្ស័យ​៣​នាក់ ក្រោយ​ប៉ូលិស​​ក្រុង​សែន​មនោ​រម្យ​​ឆ្មក់​ចូល​ក្នុង​ផ្ទះ

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ បានត្រូវសមត្ថកិច្ចចាប់ខ្លួននិងដកហូតបានសារធាតុញៀន ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើន ។

លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា នៅវេលាម៉ោង១រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹក នាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងនគរបាលខេត្ត ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀននៅផ្ទះលេខ១០ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

ជនសង្ស័យចំនួន៣នាក់គឺ ៖ ១-ឈ្មោះ អាត សុធារ៉ា ហៅម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ, ២-ឈ្មោះ ម៉ៅ រដ្ឋា ហៅតុញ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិចំបក់ សង្កាត់ស្ពានមានជ័យ និង៣-ឈ្មោះ ឈិន ម៉េងឡុង ហៅម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុ ប្បន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ។

លោកអធិការបន្តថា ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន សារធាតុសង្ស័យថាជាសារធាតុញៀន ដែលមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន៨កញ្ចប់ ទូរស័ព្ទដៃ៩គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ កាបូបលុយចំនួន២ ប្រាក់៥០៧.៦០០រៀល និង២ដុល្លារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ២សន្លឹក អត្តសញ្ញាណប័ណ្ណនាយទាហាន១សន្លឹក ដែកកេះ១៩ កន្ត្រៃ៥ ដបទឹកបរិសុទ្ធកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន២ កែវសម្រាប់ជក់ថ្នាំញៀនចំនួន៣ ថង់វេចខ្ចប់ និងទុយោមួយចំនួនទៀត ។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព