បណ្តាញសង្គម

ស្តីប្រដៅ​ដើម្បី​កូន​ឱ្យ​ល្អ តែ​កូនស្រី​មិន​ស្តាប់​លើកដៃ​ផ្តាច់ជីវិត​ឪពុក​គ្មាន​ប្រណី

ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កូនស្រីម្នាក់ផឹកស្រវឹងស្រា ហើយក៏ត្រូវឪពុកស្តីបន្ទោស ធ្វើឱ្យកូនស្រីរូបនេះខឹងក៏ទាញយកដំបងឈើមកវាយផ្តាច់យកជីវិតឪពុកបង្កើតរបស់ខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះជាឪពុកបង្កើតខាងលើឈ្មោះ លឹម លន់ អាយុ៧៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ចំណែកកូនស្រីជាជនបង្កឈ្មោះ លន់ សារឹម អាយុ២៥ឆ្នាំ នាងមានប្តីឈ្មោះ នៀវ សារ៉េត អាយុ៣២ឆ្នាំ រួមជាមួយនឹងកូនប្រុសម្នាក់អាយុ៤ឆ្នាំ នៅក្នុងបន្ទុកផងដែរ ។

ប្រភពដដែលបន្តថថា នៅមុនពេលយប់កើតហេតុ កាលពីម៉ោង៧យប់ថ្ងៃទី១១ ខែតុលាជនបង្កជាកូនស្រីបានផឹកស្រាស្រវឹងជោកជាំ រួចប្រើពាក្យសម្តីពុំសមរម្យដែលជាហេតុនាំឱ្យបង្កបញ្ហានោះ ដោយឃើញដូច្នោះជនរងគ្រោះជាឪពុកក៏បានហាមឃាត់ និងស្តីបន្ទោសឲ្យកូនស្រីជាច្រើនក្នុងន័យស្តីប្រដៅ ក៏ប៉ុន្តែដោយសារអំណាចនៃទឹកប្តូរនិស្ស័យចូលសណ្ឋិតក្នុងខ្លួន ធ្វើឲ្យកូនស្រីរូបនេះស្តាប់មិនចូលត្រចៀកនោះឡើយ បែរជាផ្ទុះកំហឹងស្ទុះទៅទាញយកដំបងឈើប្រវែង៥៩សង្ទីម៉ែត្រគុណនឹង០,៤សង្ទីម៉ែត្រ មកវាយសំពងឪពុកខ្លួនរហូតដល់បាត់បង់ជីវិតតែម្តង លុះរហូតដល់ម៉ោង១០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ សន្និដ្ឋានថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសារអំពើឃាតកម្ម (កូនបង្កើតវ៉ៃសម្លាប់ឪពុករបស់ខ្លួនឯង) ព្រោះតែជនរងគ្រោះមានស្នាមរបួសពេញផ្ទៃមុខជាច្រើនកន្លែងផងដែរ ។ ចំពោះមូលហេតុ គឺមកកូនស្រីស្រវឹងស្រាខឹងឪពុកស្តីបន្ទោស ទើបទាញយកដំបងឈើវាយឪពុកខ្លួនឯងរហូតដល់បាត់បង់ជីវិត។

បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនបង្កជាកូនស្រី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ដកស្រង់ពី៖កោះសន្តិភាព