បណ្តាញសង្គម

យុវជន​ពីរ​ក្រុម​ដេញ​វាយ កាប់​ចាក់​គ្នា អ្នក​ឈ្នះ​ដេក​គុក អ្នក​ចាញ់​ដេកពេទ្យ

ខេត្តកណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង ដែលបង្កដោយយុវជនពីរក្រុម បានដេញគប់ កាប់ចាក់គ្នា រហូតធ្វើឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជ័យជំនះ ទាំងយប់។

ចំណែកភាគីម្ខាងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងបក្ខពួក៦នាក់ទៀត បានរត់គេចខ្លួនអស់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៤៩នាទីល្ងាច នៅចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។

ជនសង្ស័យ៧នាក់ទី១-ឈ្មោះ ពុំ ចន្ថា ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ធ្វើការឃាត់ខ្លួន។

ទី២-ឈ្មោះពុំ វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករដឹកអីវ៉ាន់អនឡាញ គេចខ្លួន។ និងបក្ខពួក៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

នគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ៖មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិចំនួន១០នាក់ជិះម៉ូតូ៥គ្រឿងទៅផឹកស៊ីនៅផ្ទះមិត្តភក្តិមួយកន្លែង នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ហើយដែលមានផ្ទះនៅក្បែរផ្ទះជនសង្ស័យឈ្មោះពុំ វីរៈ។

លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យ និងបក្ខពួកជិះម៉ូតូ៣គ្រឿងទៅរករឿងឈ្លោះទាស់ទែងជាមួយក្រុមជនរងគ្រោះ រួចបានយកដុំថ្មគប់ចូលផ្ទះក្រុមជនរងគ្រោះដែលកំពុងអង្គុយផឹកស៊ីស្រែកហ៊ោសប្បាយ។

ដោយឃើញសភាពមិនស្រួល ទើបក្រុមជនរងគ្រោះបាននាំគ្នាឈប់ផឹកហើយនាំគ្នាជិះចេញពីផ្ទះនោះ តែនៅពេលនាំគ្នាជិះដល់មុខផ្ទះជនសង្ស័យ ក៏ជួបក្រុមជនសង្ស័យខាងលើ ឈរត្រៀបត្រាពេញផ្លូវ ពេលនោះក៏បានឈ្លោះគ្នាម្តងទៀតហើយបានយកដុំថ្មគប់គ្នាទៅវិញទៅមក ពេលនោះក្រុមជនរងគ្រោះក៏បាននាំគ្នាបើកម៉ូតូរត់គេច តែពេលនោះម៉ូតូរបស់ជនរងគ្រោះធាក់មិនឆេះ ពេលឃើញដូចនេះ ជនសង្ស័យក៏បានលីកាំបិតផ្គាក់យកទៅកាប់ជនរងគ្រោះចំពីលើក្បាលបណ្តាលឲ្យរយះហូរឈាម។ ភ្លាមនោះជនរងគ្រោះបានរត់ចោលម៉ូតូ ដើម្បីឲ្យមិត្តភក្តិជួយដឹកទៅពេទ្យជ័យជំនេះ។

ឯក្រុមជនសង្ស័យបានវាយម៉ូតូជនរងគ្រោះបណ្តាលឲ្យខូចខាតបាក់កាតាប៊ូមុខ និងក្បាំងខាងឆ្វេង។ ពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព