បណ្តាញសង្គម

​​ត្រៀមចុះ​​​ពិនិត្យនិង​ជួសជុល​ហេ​ដ្ឋា​​​រចនាសម្ព័ន្ធ​ ក្រោយ​រងគ្រោះ​​​​ដោយ​​ជំនន់​ទឹកភ្លៀង

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៥ តុលា ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន ដើម្បីត្រៀមចុះសិក្សាត្រួតពិនិត្យវាយតម្លៃផលប៉ះពាល់ក្រោយពីជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ដល់ថ្ងៃទី២០ តុលា ឆ្នាំ២០២០ ខេត្តប៉ៃលិន មានភ្លៀងធ្លាក់ជាប់ៗគ្នា នៅគ្រប់ទីកន្លែង បណ្តាលឱ្យកម្រិតកម្ពស់ទឹកស្ទឹង និងអូរ ហក់ឡើងខ្ពស់ ធ្វើឱ្យហូរគំហុកជន់លិចលង់ ប៉ះពាល់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋចំនួន៦ឃុំ-សង្កាត់ ក្នុងនោះ ប៉ះពាល់ផ្ទះចំនួន៧៤៧ខ្នង ហើយប្រជាពលរដ្ឋចំនួន២៩៨គ្រួសារ ដែលត្រូវបានក្រុមការងារអាជ្ញាធរខេត្ត និង អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដឹកនាំក្រុមយុវជនស.ស.យ.ក ខេត្ត ព្រមទាំងក្រុមការងារយុវជន កាកបាទក្រហមសាខាខេត្ត ជួយសង្គ្រោះបន្ទាន់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ក្រុមការងារនាំយកទៅទីទួលសុវត្ថិភាពរយ:ពេលខ្លី ហើយមានការប៉ះពាល់ វត្តអារាមចំនួន២កន្លែង សាលារៀន២កន្លែង និងធ្វើឱ្យប៉ះពាល់ដំណាំកសិក ម្មប្រជាពលរដ្ឋចំនួន១១០៧គ្រួសារ រួមានដំឡូងមីចំនួន ២៩៦៧.៥ហិកតា ពោតក្រហមចំនួន៨៥៩.៥ហិកតា ដំណាំស្រូវចំនួន៥០ហិកតា និងដំណាំផ្សេងៗចំនួន៧០៥ហិកតា សរុបស្មើនឹង៤៥៨២ហិកតា ខូចខាតផ្លូវចំនួន០៩ខ្សែ សរុបស្មើនឹង ២២៦៧៥ម៉ែត្រ ប៉ះពាល់ស្ពាន០៦កន្លែង ប្រឡាយទឹក២៧៥០ម៉ែត្រ (ខូចខាតជើងតេ១១៥០ម៉ែត្រ) ទំបន់៣២០ម៉ែត្រ (ខូចខាតខ្នងទំនប់១៩៥ម៉ែត្រ) និងខូចខាតលូចំនួន១២កន្លែងផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព