Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរ ចូលបាញ់ប្លន់ ផ្ទះលក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង ចោរស្លាប់ម្នាក់ ខណៈម្ចាស់ផ្ទះ រងរបួសជើង

  • បោះពុម្ព

ត្បូងឃ្មុំ៖ ក្នុងរយះពេល ចុងក្រោយនេះ ក្រុមចោរ ប្រដាប់អាវុធ ដែល មានជាក្រុម និងអាចមាន រចនាសម្ព័ន្ធ យ៉ាងច្បាស់លាស់នោះ បានធ្វើ សកម្មភាព ប្លន់ជាបន្តបន្ទាប់ នៅតាមបណ្តាខេត្ត ជាពិសេសនោះ គឺសំដៅ ទៅលើក្រុមអាជីវករ លក់មាស និងដូរលុយ ដែលមានទីតាំង នៅជិតផ្សារធំៗ ហើយករណីខ្លះ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ និងរងរបួសទៀតផង ។

ក្រោយពីមាន ករណីបាញ់ប្លន់ យកមាស និងដូរលុយពីអាជីវករ នៅផ្សារ ព្រៃខ្មែរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីពេល កន្លងទៅថ្មីៗ ដែលក្រុមចោរ មិនទាន់ត្រូវ បានចាប់បានផងនោះ ឥឡូវនេះ ក្រុមចោរ ( អាចក្រុមផ្សេង ) បានបង្វែ ទិសដៅ មកខេត្តត្បូងឃ្មុំវិញ ។

ជាក់ស្តែង កាលពីវេលា ម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនសង្ស័យ មានគ្នា ប្រមាណ ៤នាក់ បានចូលទៅធ្វើសកម្មភាព ភ្ជង់ និងបាញ់ ប្លន់ នៅផ្ទះអាជីវករ លក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងករណីប្លន់ ប្រដាប់អាវុធ ខាងលើនេះ ក្រុមចោរបានបាញ់ ម្ចាស់ផ្ទះបណ្តាលឲ្យ រងរបួសត្រង់ជើង ខណៈជន សង្ស័យម្នាក់ ត្រូវបានជនរងគ្រោះ បាញ់មកវិញ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងផ្ទះនោះវិញផងដែរ មុនពេលដែល បក្ខពួកគ្នាវា ដែលនៅសេសសល់ បានគេចខ្លួន ដោយយកទៅជាមួយនូវ លុយរបស់ជនរងគ្រោះ ជាង១ ម៉ឺនដុល្លារ និងគ្រឿង អលង្កាមួយចំនួន ។

ជុំវិញករណី ប្លន់ប្រដាប់ អាវុធ ខាងលើនេះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា ប្រមាណ ៤នាក់ បានធ្វើដំណើរ តាមរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស កូនកាត់ RX-330 ពណ៌ខ្មៅ មិនចាំស្លាកលេខ មកឈប់មុខផ្ទះ ជនរងគ្រោះ ហើយនៅពេលនោះ បានទម្លាក់ ជនសង្ស័យ ចំនួន៣នាក់ ចូលទៅធ្វើសកម្មភាពភ្ជង់ ជនរងគ្រោះ ដើម្បីប្លន់យក ទ្រព្យសម្បត្តិ រួមមានលុយ និងគ្រឿង អលង្កាជាដើម។

លោកឧត្តមសេនីយ៍ ស្នងការបានបន្តទៀតថា ខណៈកំពុងធ្វើសកម្មភាព ជនរងគ្រោះបាន ប្រតាយប្រតប់ ហើយក្រុមចោរក៏ បានបាញ់បណ្តាលឲ្យ ជនរងគ្រោះត្រូវជើង ហើយនៅពេលនោះជនរងគ្រោះ ដែលមានគ្នា ៣ទៅ ៤នាក់ បានតដៃរហូត ធ្វើឲ្យជនសង្ស័យម្នាក់ ស្លាប់ភ្លាមៗ នៅក្នុងផ្ទះតែម្តង។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបន្តទៀតថា ក្រោយកើតមានករណីនេះ ជនសង្ស័យ ចំនួន២នាក់ បានយកម៉ូតូ របស់ម្ចាស់ផ្ទះម៉ាក Click ពណ៌លឿង មួយគ្រឿង ជិះគេចខ្លួន ដោយលុយ និងគ្រឿងអលង្កា មួយចំនួនទៅជាមួយ។

លោកស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម លោកបានបញ្ជា ឲ្យកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំង នគរបាល មូលដ្ឋានចុះទៅ កាន់កន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវ លើករណីនេះ និងដើម្បីតាមចាប់ ក្រុមចោរទាំងនោះ។

បើតាមការបញ្ជាក់ របស់លោក ស្នងការ ខណៈកម្លាំងនគរបាល របស់លោក កំពុងពួនស្ទាក់ និងដេញតាម គ្រប់ច្រកល្ហកនោះ ស្រាប់តែប្រទះឃើញ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបាន ក្រុមចោរ ទម្លាក់ចោល នៅចំណុចភូមិចំបក់ ឃុំនាងតឺត ស្រុកតំបែរ ចំងាយផ្ទះ របស់ប្រជាពលរដ្ឋ ប្រមាណ៣០០ម៉ែត្រ ។

លោកស្នងការ ដាក់ការសង្ស័យថា ជនសង្ស័យទាំង២នាក់នេះ បានទុកម៉ូតូរបស់ជនរងគ្រោះ ចោល ក្រោយពីបក្ខ ពួករបស់វា ដែលបើករថយន្តលុច្សស៊ីស កូនកាត់នោះ មកទទួលយក ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការ ជាមួយកម្លាំង នគរបាលខេត្តកំពង់ចាម និងខេត្តក្រចេះ កំពុងតាមស្រាវជ្រាវ និងតាមចាប់ ក្រុមចោរទាំងនេះ។ ដោយឡែក ជនរងគ្រោះ ដែលរងរបួស ត្រូវជើង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈសព ជនរងគ្រោះ ដែលស្លាប់នោះ ត្រូវបានសមត្ថកិច្ច យកទៅតម្កល់ទុក នៅក្នុងវត្ត ដើម្បីចាត់ចែង បន្តទៀត ។

ចំពោះករណីនេះសមត្ថកិច្ច បានរកឃើញ កាំភ្លើងអាកាមួយដើម និងគ្រាប់បែកមួយគ្រាប់ របស់ក្រុមចោរផងដែរ៕