Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការខេត្តត្បូងឃ្មុំ បង្ហាញមុខ ជនសង្ស័យម្នាក់ ចូលរួមបាញ់ប្លន់ អ្នកលក់មាស និងដូរលុយ ជិតផ្សារស្ទឹង

  • បោះពុម្ព

ត្បូងឃ្មុំ៖ ករណីប្លន់ ប្រដាប់អាវុធ ដែលបង្កឡើង ដោយក្រុមចោរ មានគ្នាចំនួន ៤នាក់ ជិះរថយន្ត ម៉ាកលុច្សស៊ីស RX-៣០០ ពីអាជីវករ លក់មាស និងដូរលុយ ជិតផ្សារស្ទឹង ក្នុងភូមិកណ្តាលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ។

ជនសង្ស័យម្នាក់ ជាអ្នកបើករថយន្ត ត្រូវបានកម្លាំង នគរបាល ខេត្តត្បូងឃ្មុំ សហការជាមួយ កម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន និងយកមកបង្ហាញមុខ ជាសាធារណៈ មុនបញ្ជូន ទៅកាន់តុលាការ ចាត់ការបន្ត តាមផ្លូវច្បាប់ ។ ការបង្ហាញមុខ ជនសង្ស័យរូបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅស្នងការ ដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ក្រោមវត្តមាន ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ ម៉ៅ ពៅ និងមន្រ្តីនគរបាល ជំនាញ ថ្នាក់ស្នងការរង នាយការិយាល័យ និងអធិការ មួយចំនួនផងដែរ ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានឱ្យដឹងថា ក្រោយពីមាន ករណីប្លន់ ប្រដាប់អាវុធ ខាងលើនេះ កើតឡើង រហូតធ្វើឱ្យម្ចាស់ផ្ទះ រងរបួស ត្រូវជើងស្តាំ ដោយសារក្រុម ចោរបាញ់ ហើយចោរម្នាក់ បានស្លាប់ ខណៈដែល ៣នាក់ ផ្សេងទៀត បានរត់គេចខ្លួននោះ លោកបានដឹកនាំ កម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ត និងមានការចូលរួម ពីគណៈបញ្ជាការ ឯកភាព តាមស្រុក-ក្រុង នគរបាលមូលដ្ឋាន បើកការស្រាវជ្រាវ ជាបន្ទាន់ ដោយយកចិត្តទុក ដាក់ជាទីបំផុត និងសហការភ្លាមៗ ជាមួយនគរបាល រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តក្រចេះ និងតាមខេត្ត ផ្សេងទៀត ដើម្បីជួយតាមឃ្លាំមើល និងចាប់ខ្លួន មុខសញ្ញាទាំងនេះ ។

លោកស្នងការ បានបន្តថា ដោយមានការណែនាំ និងបទបញ្ជាផ្ទាល់ពី សំណាក់ អគ្គស្នងការ នគរបាលជាតិ និងថ្នាក់ដឹកនាំ ជំនាញមួយចំនួន ទៀតនោះ ទីបំផុតជនប្រដាប់អាវុធម្នាក់ ដែលជាអ្នកបើករថយន្ត ក្នុងសកម្មភាព ប្លន់ខាងលើនេះ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅយានដ្ឋាន ជួសជុលរថយន្ត មួយកន្លែង ក្បែរមន្ទីរពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីជនសង្ស័យរូបនេះ បានយករថយន្ត ដែលបើកធ្វើសកម្មភាព ដឹកបក្ខពួក ទៅលក់ឱ្យ ពួកគួកជេ រួចហើយទិញរថយន្ត កាម៉ារីបាឡែន យកមកតុបតែង គោលបំណង បន្លំភ្នែកសមត្ថកិច្ច ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមាន ឈ្មោះ នួន សំណាង អាយុ២៦ឆ្នាំ រស់នៅ ភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដែល ជនសង្ស័យរូបនេះ គឺជាអ្នកបើករថយន្ត ពេលធ្វើសកម្មភាព បាញ់ប្លន់ នៅផ្ទះជនរងគ្រោះនោះ ។ ក្រោយពីការ ឃាត់ខ្លួន ជនសង្ស័យ ខាងលើរួចមក កម្លាំងសមត្ថកិច្ច របស់លោក ដោយមានការ អនុញ្ញាត តាមផ្លូវច្បាប់ ពីសំណាក់ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម លោក ហួត វុទ្ធី រួចមក សមត្ថកិច្ច បានចុះទៅឆែកឆេរ ផ្ទះបីកន្លែង របស់ជនសង្ស័យរូបនេះ និងជនសង្ស័យ ២នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ។

លោកស្នងការ បានបញ្ជាក់ថា ក្រោយការចុះឆែកឆេរ នៅផ្ទះជនសង្ស័យ ទាំង៣នាក់នេះ កម្លាំងសមត្ថកិច្ច បានរកឃើញម៉ូតូ មិនប្រក្រតី ចំនួន ៣គ្រឿង ក្នុងនោះ ម៉ាកសេ១២៥ សេរីឆ្នាំ២០១៤ ចំនួន២គ្រឿង និងម៉ូតូស្កុបពីរ ចំនួន១គ្រឿង ព្រមទាំង វត្ថុតាង ដូចជាអាវុធកែច្នៃ ដាវសាម៉ូរ៉ៃ មួយចំនួនទៀតផងដែរ ។ យ៉ាងណាក៏ដោយ លោកឧត្តម សេនីយ៍ ម៉ៅ ពៅ មិនទាន់បានបញ្ជាក់ អត្តសញ្ញាណ ជនសង្ស័យ ២នាក់ផ្សេងទៀត ដែលកំពុង រត់គេចខ្លួន នៅឡើយនោះទេ ដោយបច្ចុប្បន្ន បាននិងកំពុង តាមប្រមាញ់ ជនទាំងនេះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ។

ដោយឡែក ជនសង្ស័យម្នាក់ ដែលស្លាប់ និងក្នុងផ្ទះ ជនរងគ្រោះ ក្រោយពីប្រតាយ ប្រតប់គ្នានោះ មានឈ្មោះ ពាន់ ស៊ីណា ហៅសុះ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត នៅភូមិរំដួលខាងជើង ឃុំបសេដ្ឋ ស្រុកកំពង់ស្ពឺ ហើយបច្ចុប្បន្ន ពុំមានទីលំនៅពិត ប្រាកដឡើយ ។ លោកឧត្តមស្នងការ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្រោយពីការសាកសួរ ព័ត៌មាន នៃការបាត់ ទ្រព្យសម្បត្តិ ត្រូវបានជនរងគ្រោះ លោក ប៉ាង ពៅ អាយុ៥២ឆ្នាំ បាននិយាយថា ក្រុមចោរ ទាំងនេះ បានប្លន់យក លុយ និងគ្រឿងអលង្ការ រួមមាន លុយខ្មែរ ១០០លានរៀល លុយដុល្លារ ៨ម៉ឺនដុល្លារ មាសនិងផ្លាទីន ១០០តម្លឹង ។

យ៉ាងណាក៏ដោយ ចំពោះជនសង្ស័យ នួន សំណាង ដែលត្រូវចាប់ខ្លួន ខាងលើនេះ ត្រូវបានលោក ម៉ៅ ពៅ អះអាងថា ដកហូតលុយបាន ជាង៤០លានរៀល ប៉ុណ្ណោះ ខណៈដែលទ្រព្យសម្បត្តិ ផ្សេងទៀត ត្រូវបានជនសង្ស័យ២នាក់ ដែលកំពុងគេចខ្លួននោះ យកទៅតាម។ ពាក់ព័ន្ធការ ដកហូតម៉ូតូ ទាំង៣គ្រឿង លោកស្នងការត្បូងឃ្មុំ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងឡាយណា ដែលធ្លាប់បាត់ម៉ូតូ នាពេលកន្លងទៅ សូមអញ្ជើញ មកពិនិត្យម៉ូតូទាំងនេះ នៅស្នងការដ្ឋាន នគរបាលខេត្ត ហើយបើប្រាកដ ជាម៉ូតូ របស់ខ្លួន តាមរយៈការផ្ទៀងផ្ទាត់ឯកសារ លេខតួ លេខម៉ាស៊ីន និងស្លាកលេខ នោះសមត្ថកិច្ច នឹងប្រគល់ជូនវិញ ។

សូមបញ្ជាក់ថា ករណីប្លន់ប្រដាប់អាវុធ លើអាជីវករ លក់មាសដូរលុយ ខាងលើនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិ កណ្តាលកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពោលនៅជិតផ្សារស្ទឹង ដែលបង្កឡើង ដោយជន សង្ស័យ៤នាក់ ប្រើរថយន្ត មួយគ្រឿង ភ្ជង់និងបាញ់ម្ចាស់ផ្ទះ ត្រូវរបួសជើង តែជនសង្ស័យម្នាក់ ក៏បានស្លាប់ ក្នុងហេតុការនេះវិញដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល