បណ្តាញសង្គម

ពលករខ្មែរ ៨៦នាក់ កំពុងជាប់ឃុំ ក្នុងផ្ទះមួយ នៅបាងណាម ជាង១០ថ្ងៃ រងការវាយធ្វើបាប មកទល់ថ្ងៃនេះ ស្លាប់កុមារពីរនាក់ហើយ

បន្ទាយមានជ័យ៖ យោងតាម សម្តីជនរងគ្រោះ ដែលបានផ្តល់ ឲ្យតាមរយៈ ទូរស័ព្ទដៃ បានឲ្យដឹង នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា មានពលករខ្មែរ ប្រមាណ ៨៦ នាក់ បាននិងកំពុង ជាប់ឃុំ នៅក្នុងផ្ទះមួយខ្នង ដែលស្ថិត នៅចំណុចបាងណាម សមុទ្របាកាន ប្រទេសថៃ រយៈពេលជាង ១០ថ្ងៃមកហើយ ហើយកំពុងរង ការវាយធ្វើបាប ពីសំណាក់ មេខ្យល់ថៃ ។

យុវជន ចាន់ ធី អាយុ ២៦ឆ្នាំ រស់នៅភូមិភ្នំជៀល ឃុំភ្នំជៀល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាជនរងគ្រោះ កំពុងជាប់ ក្នុងឃុំឃាំងនោះដែរ បាននិយាយទាំង ទឹកភ្នែកថា មនុស្សទាំង ៨៦នាក់នោះ មានទាំងប្រុស ស្រ្តី និងកុមារ។ អ្នកទាំងនោះ ត្រូវបានប្រភព អះអាងថា ត្រូវបានក្រុមមេខ្យល់ សម្រាតខោអាវ ឲ្យរស់នៅជុំគ្នា និងដកហូត យកសម្ភារ មានតម្លៃ អស់គ្មានសល់ សូម្បី តែលុយកាក់ ។

ប្រភពបានបញ្ជាក់ថា ក្រោមការវាយធ្វើបាប ពីសំណាក់មេខ្យល់ អស់ជាង ១០ថ្ងៃនោះ ហើយនៅថ្ងៃនេះ កុមារា ២នាក់ អាយុជាង ៨ឆ្នាំ ដែលតាមម្តាយ មកពីខេត្តកំពង់ចាម ត្រូវបានស្លាប់ បន្ទាប់ពីកុមារទាំងនោះ ទៅសុំបាយសុី ហើយត្រូវបាន បុរសថៃម្នាក់ ធាក់ឲ្យដួលបោក ទៅលើថ្ម បណ្តាលឲ្យស្លាប់ភ្លាមៗ ។

លោក នេត្រ សេរី អគ្គកុងស៊ុល ប្រចាំនៅ ខេត្តស្រះកែវ មិនអាច ទំនាក់ទំនងបានទេ ហើយលោក សុឹម សំអាត ប្រធាននគរបាល អន្តោប្រវេស្តន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានឲ្យដឹងថា លោកបាន និងកំពុងធ្វើការ ទំនាក់ទំនង ជាមួយអាជ្ញាធរថៃ ដើម្បីរុករក កន្លែងឃុំខ្លួន ជនរងគ្រោះ ។

តែទោះជាយ៉ាងណា ពលករខ្មែរ ដែលកំពុងជាប់ឃុំ ហើយរង ការវាយធ្វើបាប បានសំណូមពរ ឲ្យរាជរដ្ឋភិបាលកម្ពុជា ជួយអន្តរាគមន៍ ទាន់ពេលវេលាផង ជៀសវាង មានការស្លាប់ ច្រើនជាងនេះ៕

 

ដកស្រង់ពី៖ ដើមអម្ពិល