បណ្តាញសង្គម

នគរបាល ខេត្ដត្បូងឃ្មុំ បញ្ជូនក្រុមចោរ ប្លន់៤នាក់ ទៅតុលាការ

ត្បូងឃ្មុំ ៖ ក្រោយបញ្ចប់ការ សួរនាំ និងបំពេញនីតិវិធី រួចមក នៅរសៀលថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៤នេះ នគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ បានបញ្ជូន ជនសង្ស័យ ចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព ប្លន់ប្រដាប់អាវុធ និងវត្ថុតាង ដែលដកហូតបាន ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ បានបញ្ជក់ថា «ជនសង្ស័យ ទាំង៤នាក់ ត្រូវបានបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការ បន្តទៀត តាមផ្លូវច្បាប់ ក្រោយពីចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១២ រហូតដល់ រសៀលថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៤ ស្ថិតនៅស្រុកមេមត់ និងស្រុកពញាក្រែក » ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្ដិការ តាំងពីយប់ រហូតមកដល់ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ដត្បូងឃ្មុំ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋានរបស់ ស្រុកមេមត់ និងស្រុកពញាក្រែក បានតាមប្រមាញ់ រហូតឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ ៤នាក់ ជាបន្ដបន្ទាប់ ពាក់ព័ន្ធទៅ នឹងសកម្មភាពប្លន់ ។

ស្នងការ នគរបាល ខេត្ដត្បូងឃ្មុំ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ ដែលដឹកនាំកម្លាំង នគរបាល ដោយផ្ទាល់ ចុះទៅបង្ក្រាប និងចាប់ខ្លួន ក្រុមចោរប្លន់ទាំងនេះ បានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ជាមុខសញ្ញាថ្មីមួយ ក្រុមទៀត មិនជាប់ពាក់ព័ន្ធ ករណីប្លន់អ្នក លក់មាស និងដូរលុយ នៅជិតផ្សារស្ទឹង ស្រុកពញាក្រែក កាលពីពេលកន្លងទៅនោះ ឡើយ ។

លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន ក្នុងប្រតិបត្ដិការតាំង ពីយប់ថ្ងៃទី១២ រហូតមក ដល់ រសៀលថ្ងៃទី ១៣ ខែវិច្ឆិកា និងឆ្លងតាម ការសាកសួរជា ជំហានដំបូងនោះ ជនសង្ស័យទាំងនេះ ធ្លាប់ធ្វើ សកម្មភាពប្លន់ ជិត១០ករណី មកហើយ ។ តាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ ស្នងការ ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន មុនដំបូង នៅស្រុកមេមត់ ហើយបន្ទាប់មកកម្លាំង សមត្ថកិច្ចរបស់លោក បានឈានទៅ ដល់ការចាប់ខ្លួន បក្ខពួកពីរនាក់ផ្សេងទៀត នៅចំណុច ចំការកៅស៊ូ ស្រុកពញាក្រែក ។

លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានថ្លែងថា ក្រោយពីមានករណីប្លន់ ប្រដាប់អាវុធ ជាពិសេស លើអ្នកលក់មាស ដូរលុយ នៅតាមបណ្ដាខេត្ដ ក៏ដូចជា មួយករណីនៅ ជិតផ្សារស្ទឹង ស្រុកពញាក្រែកមកនោះ អគ្គស្នងការ នគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាឱ្យនគរបាល តាមបណ្ដា រាជធានី -ខេត្ដ បើកការស្រាវជ្រាវ ក៏ដូចជាការ ទប់ស្កាត់ បទល្មើសប្លន់ទាំងនេះ។

លោកបន្ដថា ក្រោយទទួលបានបទបញ្ជា ពីថ្នាក់ដឹកនាំ និងមានការជំរុញបន្ថែម ពីអភិបាលខេត្ដ ដែលជាប្រធាន គណៈបញ្ជាការ ឯកភាពនោះ កម្លាំងសមត្ថកិច្ច របស់លោក បានបើកការស្រាវជ្រាវ ជាបន្ដបន្ទាប់ ហើយឈាន ទៅដល់ការ ចាប់ខ្លួនជនសង្ស័យ ទាំងនេះ៕

ដកស្រង់ពី៖ដើមអម្ពិល