បណ្តាញសង្គម

សមត្ថកិច្ច បញ្ជូនខ្លួន ឪពុក-ម្តាយ ប្អូនប្រុស និងប្អូនស្រីសាច់ថ្លៃ របស់ឧកញ៉ា ថោង សារ៉ាត់ ទៅតុលាការ នៅថ្ងៃស្អែក

ភ្នំពេញ៖ ជនជាប់ពាក់ព័ន្ធចំនួន ៤នាក់ផ្សេងទៀត រួមមានឪពុក-ម្តាយ ប្អូនប្រុសបង្កើត និងប្អូនស្រីសាច់ថ្លៃរបស់ លោកឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ ស្អែកនេះ

ដើម្បីសាកសួរជុំវិញ ការលួចលាក់ អាវុធខុសច្បាប់ ៦ដើម និងការព្យាយាម លាក់បាំងជនល្មើស ។ មន្រ្តីនគរបាល នៃស្នងកា រដ្ឋាននគរបាល រាជធានីភ្នំពេញមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់នៅព្រលប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះថា លោក ថោង ចំរើន លោកស្រី កែវ សារី មន្រ្តីយោធាស័ក្តិ ៤កន្លះ នៅក្រសួងការពារជាតិ លោកថោង បូណា និងភរិយា ដែលត្រូវជាឪពុក -ម្តាយ ប្អូនប្រុស បង្កើត និងប្អូនស្រីសាច់ថ្លៃ របស់លោកឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវបញ្ជូនទៅកាន់ សាលាដំបូង នៅថ្ងៃស្អែក ដើម្បីឲ្យមន្រ្តីតុលាការ សាកសួរលើបទល្មើស លាក់ទុកអាវុធខុសច្បាប់ និងការព្យាយាម រាំងការងារសមត្ថកិច្ច លាក់បាំងជនល្មើស។

ប្រភពពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា កាំភ្លើងខ្លី ៦ដើម ដែលសមត្ថកិច្ច រកឃើញក្នុងផ្ទះរបស់ ឧកញ៉ា ថោង សារ៉ាត់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នោះ មានពីរដើមបាន តកាណុងបាញ់ មិនឲ្យឮសំឡេង ។

សូមបញ្ជាក់ជុំវិញ ករណីឃាតកម្ម បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ រហូតដល់ល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានចេញដីកាឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ព្រៃស លើអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់ ទាំង៤រូប ជាជនដៃដល់ហើយ។

លោកចៅក្រម លី សុខឡេង បានសម្រេច ចោទប្រកាន់ជនដៃដល់ទាំង ៤នាក់ ពីបទឃាតកម្ម គិតទុកជាមុន ។ បើតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌបទចោទ ប្រកាន់ឃាតកម្ម គិតជាទុកមុន ជនជាប់ចោទទាំង ៤នាក់ អាចជាប់ពន្ធនាគារ អស់មួយជីវិត ។ អង្គរក្ស ទាំង ៤នាក់ ដែលលោក លី សុខឡេង សម្រេចចោទប្រកាន់នេះ រួមមាន៖ ឈ្មោះ សៀង វាសនា ជាអ្នកបាញ់ប្រហារ, ទី២. ឈ្មោះលី សៅ ជាជនជាតិវៀតណាម អ្នកឌុបជនដៃដល់, ទី៣ ឈ្មោះ មាស សម្បត្ដិ ជាអ្នកជិះម៉ូតូបិទគូទ និងទី៤. ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះ ពីក្រោយជាមួយ មាស សម្បត្ដិ ដើម្បីពិនិត្យជាក់ស្ដែងថា តើជនរងគ្រោះស្លាប់ហើយឬនៅ ? សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និង ម្ចាស់ហាងលក់គ្រឿង អលង្ការហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ ជាច្រើនគ្រាប់កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះទិញផ្លែឈើនៅក្បែរ ពហុកីឡដ្ឋានអូរឡាំពិក ។

កម្លាំងនគរបាល រាជធានីភ្នំពេញ បានប្រើជំនាញរបស់ខ្លួន បើកការស៊ើបអង្កេតឃាតកម្ម ដ៏ឃោរឃៅកណ្តាលរាជ ធានីភ្នំពេញ ដែលផ្តើមចេញពី ជម្លោះក្នុងមុខជំនួញរវាង ឧកញ៉ា និងឧកញ៉ា ដែលសុទ្ធតែជាអ្នកមាន ទ្រព្យសម្បត្តិ ស្តុកស្តម្ភ ដោយប្រើរយៈ ត្រឹមជាងមួយសប្តាហ៍ បានឈានដល់ការ ឃាត់ខ្លួនជនពាក់ព័ន្ធ ជាបន្តបន្ទាប់ ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល