បណ្តាញសង្គម

នាយឧត្តមសេនីយ៍ នេត សាវឿន៖ បទល្មើសឧក្រិដ្ឋ មានការកើនឡើង បន្តិច នៅពេលកន្លងមកនេះ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានលើកឡើងថា ស្ថានការណ៍ កន្លងទៅគឺ មានការកើនឡើង បន្តិចផ្នែក បទឧក្រិដ្ឋ ក្នុងនោះមាន ៣ គឺលេចធ្លោ ខ្លំាងជាងគេ។

ការលើកឡើង របស់អគ្គស្នងការ នគរបាលជាតិ បានធ្វើឡើង ក្នុងឱកាសបូកសរុបការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៤ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ នាទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត ។

ឯកឧត្តម នេត សាវឿន បានមានប្រសាសន៍ថា « បើធៀបនឹងពេលកន្លងទៅ ស្ថានការណ៍ នៃបទឧក្រិដ្ឋ គឺមានការកើនឡើង បន្តិច ក្នុងនោះលេចធ្លោ សំខាន់ជាងគេមានករណី ៣គឺ ករណីដុតផ្ទះសម្លាប់ ៣នាក់ នៅខេត្ត ប៉ៃលិន, ករណីបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ និងករណីជំរិតទារ ប្រាក់ពីក្រុមហ៊ុនមួយ ចំនួន ១លានដុល្លារ របស់អាណាមិក តាមលិខិត ក្រោមស្លាក អង្គការភេរវកម្មអន្តរជាតិ » ។

នាយឧត្តមសេនីយ៍ បញ្ជាក់ទៀតថា ទោះបីជាមានការកើន ក៏ពិតមែន ប៉ុន្តែដោយមានការ ប្តេជ្ញាចិត្ត ពីក្រសួងមហាផ្ទៃ អគ្គស្នងការ នគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធ ករណីទំាងនេះ ត្រូវបានបង្ក្រាប យ៉ាងឆាប់រហ័ស ជាក់ស្តែងដូចករណី ដុតផ្ទះសម្លាប់ ៣នាក់នៅប៉ៃលិន គឺប្រើប្រាស់ រយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ រកឃើញឃាតកពិត ដែលកើតចេញពី រឿងខ្ចីលុយមិនបាន ។

ដោយឡែក ករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ វិញ សមត្ថកិច្ចប្រើរយៈពេល ១០ថ្ងៃប៉ុណ្ណោះ រកឃើញឃាតក ហើយករណីនេះ គឺនៅសល់តែ ពីរចំណុចនោះទេ នឹងបញ្ចប់ សំណុំរឿងហើយ ដែលពីរចំណុចនោះគឺ អាវុធបាញ់ប្រហារ និងមេខ្លោងអ្នកបញ្ជាផ្ទាល់ គឺឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងគេច ខ្លួន។ ពាក់ព័ន្ធនឹងការគេចខ្លួននេះ នាយឧត្តមសេនីយ៍ បានបន្ថែមថា សមត្ថកិច្ចកម្ពុជា កំពុងសហការ ជាមួយសមត្ថកិច្ច ប្រទេសជិតខាង ដើម្បីនាំខ្លួនជនសង្ស័យ មកកាត់ទោស តាមច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល