បណ្តាញសង្គម

ភ្លើងឆេះព្រៃ នៅស្រុកព្រះនេត្រព្រះ កម្លាំងនគរបាល ចេញជួយអន្តរាគមន៍ ទាំងយប់ ទាន់ពេលវេលា

បន្ទាយមានជ័យ ៖ ដោយសារ តែរដូវនេះ មានធ្លាក់ ខ្យល់ខ្លាំង បានធ្វើឲ្យ អគ្គិភ័យ មិនត្រឹមតែ កើតឡើង ទៅលើផ្ទះ ប្រជាពលរដ្ឋ នោះទេ ប៉ុន្តែ ព្រៃ របោះតូចៗ វាលស្មៅ ក៏ត្រូវភ្លើងឆេះផងដែរ ធ្វើឲ្យភូមិឋាន របស់អ្នកស្រុក នៅជិតទីតាំងឆេះ ទាំងនោះ អាចប្រឈមមុខ គ្រប់ពេលវេលា។

ក្រោយពីមាន ហេតុការណ៍ភ្លើងឆេះ ព្រៃរបោះតូចៗ វាលស្មៅ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ កាលពីយប់ម្សិល ម្ង៉ៃនោះ ស្រាប់តែពី យប់មិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ វាលព្រៃ ដែលមាន ដើមឈើតូចៗ វាលស្មៅ ត្រូវបានភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ស្ថិតនៅភូមិស្វាយ និងភូមិព្រីងកោង ឃុំបុស្បូវ ស្រុក ព្រះនេត្រព្រះ។ កត្តាគ្រោះធម្មជាតិមួយនេះ បានបង្ខំ ឲ្យកម្លាំង នគរបាល មូលដ្ឋាន អាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ ចេញជួយវាយ ពន្លត់ទាំងយប់ វេលាម៉ោងប្រមាណ ៨៖៣០នាទី ដោយខ្លាច បារម្ភថា បើសិនជួយមិនទាន់ ពេលវេលាទេ ភ្លើងអាចឆេះកាន់តែធំឡើងៗ និងអាច រីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ជាក់ ជាមិនខានឡើយ ។

មន្រ្តីនគរបាល ស្រុកព្រះនេត្រព្រះ បានថ្លែងឲ្យដឹងថា កាលពីវេលាម៉ោង ប្រមាណ ៨ ៖៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ប្រជាពលរដ្ឋ បានរាយការណ៍ អំពីភ្លើង បានឆាបឆេះព្រៃ នៅក្នុងភូមិ ពេលនោះ អធិការនគរបាល ស្រុក បានសុំគោល ការណ៍ភ្លាមៗ ពី លោកស្នងការអំពី ការបញ្ជូនកម្លាំង ទៅជួយអន្តរាគមន៍ វាយពន្លត់ភ្លើង រហូតគ្រប់គ្រង ស្ថានការណ៍ បានទាំងស្រុង នៅយប់ថ្ងៃដដែលនោះ ។

ចំពោះគ្រោះអគ្គិភ័យ ខាងលើនេះ ត្រូវបានមន្រ្តី នគរបាល ស្រុកព្រះនេត្រព្រះ អះអាងថា មិនបានបណ្តាលឲ្យ នរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ពោលគ្រាន់តែ ឆេះដើមឈើតូចៗ និងវាលស្មៅ តែប៉ុណ្ណោះ ។ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងអំពាវនាវដល់ ប្រជាពលរដ្ឋទូទាំង ខេត្តបន្ទាយមានជ័យ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ គ្រប់ពេលវេលា ពីព្រោះនារដូវនេះ មានខ្យល់ធ្លាក់ខ្លាំង ហើយសម្រាប់ ផ្ទះសម្បែងវិញ ត្រូវធ្វើការត្រួតពិនិត្យ យ៉ាងបានហ្មត់ចត់ មុនពេល ចេញទៅណា មកណា។

ដោយឡែក សម្រាប់គ្រោះអគ្គិភ័យ ឆេះវាលស្មៅ ដើមឈើតូចៗ នៅតាមវាលទាំងនេះ មន្រ្តីនគរបាល ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួម ទប់ស្កាត់ទាំងអស់ ដែលភ្លើងឆេះព្រៃ ទាំងនេះ ភាគច្រើនបណ្តាលមកពី កត្តាមនុស្ស ដូចជា ការដុតចាប់សត្វ បោះកន្ទុយបារី ជាដើម ពីព្រោះបើជួយអន្លត់មិនទាន់ពេលវេលានោះទេច្បាស់ជាប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិជាក់ជាមិនខានឡើយ៕

ដក់ស្រង់ពី៖ដើមអម្ពិល