បណ្តាញសង្គម

ជនភៀសខ្លួន ម៉ុងតាញ៉ា សម្រេចចិត្ត ចេញពីព្រៃហើយ

រតនគិរី ៖ ទីបំផុតជនភៀសខ្លួន ម៉ុងតាញ៉ា ដែលសម្ងំ ក្នុងព្រៃក្នុង ខេត្តរតនគិរី បានសម្រេច ចិត្តចេញពីព្រៃហើយ ដើម្បី រកជំនួយ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ នេះ បច្ចុប្បន្នកំពុង ធ្វើដំណើរ តាមរថយន្ត ជាមួយមន្រ្តីក្រសួងមហាផ្ទៃ និង មន្រ្តីអង្គការ សហប្រជាជាតិ បន្ទាប់ពីពួកគេ បានរត់គេចពី ប្រទេសវៀតណាម មកសម្ងំ ក្នុងព្រៃកម្ពុជា អស់ជាច្រើនសប្តាហ៍ ។

បើតាមលោក ឆាយ ធី អ្នកសម្របសម្រួល សមាគមអាដហុក ខេត្តរតនគីរី បានឲ្យដឹងថា ជនភៀសខ្លួន ម៉ុងតាញ៉ា វៀតណាមចំនួន ៨នាក់ ក្នុងចំណោម ១៣នាក់ នៅព្រឹកព្រលឹម ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ បានរត់ចេញពីព្រៃ មកជួបសុំជួយសង្គ្រោះ នៅចំណុចភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។អង្គការ UN បានជួបជាមួយ ជនភៀសខ្លួន ក្រុមទីមួយចំនួន ០៨នាក់ ស្ត្រីម្នាក់ ។

លោកថា ជនភៀសខ្លួនម៉ុងតាញ៉ា ត្រូវបានចាកចេញពី ព្រៃកំពុងធ្វើដំណើរ តាមរថយន្តមកទីរួម ខេត្តរតនគិរីជាមួយ UN និងមន្ត្រីក្រសួងមហាផ្ទៃ នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ជិតដល់ខេត្តរតនគិរីហើយ ។

សូមជម្រាបថា ជនភៀសខ្លួន ម៉ុងតាញ៉ាចំនួន ១៣នាក់ បានចាកចេញ រត់គេចពីប្រទេសវៀតណាម មកសម្ងំ ក្នុងព្រៃកម្ពុជា អស់ជាច្រើនសប្តាហ៍មកហើយ ខណៈដែលឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (UNCHR) និងការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា (OHCHR) បានសម្តែងការ ព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុខភាព និងសុខមាលភាព របស់ជនជាតិម៉ុងតាញ៉ា មកពីវៀតណាម ចំនួន ១៣នាក់ ដែលកំពុងលាក់ ខ្លួនក្នុងព្រៃនៅកម្ពុជា ដោយគ្មាន ការផ្តល់ជំនួយ ឬការពារ ព្រមទាំងអំពាវនាវឲ្យ ជួយពួកគេផងដែរ ។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោល នូវព័ត៌មាននានា ដែលបានចោទប្រកាន់ មួលបង្កាច់ថា រាជ រដ្ឋាភិបាលបានចាប់ បញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា ទៅប្រទេសវៀតណាម ក្រោយពីពួកគេបាន ព្យាយាមគេចរត់ពីការ ធ្វើទុក្ខបុកម្នេញ របស់អាជ្ញាធរវៀតណាម ហើយបានឆ្លងដែនចូលកម្ពុជា ។

នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់ថ្លែងថា “រាជរដ្ឋាភិបាលបដិសេធ ដាច់អហង្កានូ វរាល់ការចោទប្រកាន់ ទាំងឡាយណា ដែលថា សមត្ថកិច្ចរបស់រាជ រដ្ឋាភិបាល ចាប់បញ្ជូនជនភៀស ខ្លួនម៉ុងតាញ៉ា ទៅប្រទេសវៀតណាមវិញ ” ៕

ដកស្រង់ពី៖ដើមអម្ពិល