បណ្តាញសង្គម

ចូល១កន្លែងហើយ ចូល១កន្លែង​ទៀត រហូតបាត់លុយ ៧០០ដុល្លារ ផ្អើលទាំងថ្ងៃ!

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ បានចូលកន្លែងកោសជប់ ចាប់សរសៃ ១កន្លែងហើយ ១កន្លែងទៀតស្រាប់តែបាត់លុយអស់ ៧០០ដុល្លារ។ បុរសអ្នករត់ម៉ូតូកង់បីនោះ បានប្ដឹង សុំឲ្យកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ជួយអន្តរាគមន៍ យកលុយរបស់គាត់មកវិញ។

បុរសនោះ បានប្រាប់នគរបាលថា ខ្លួនបានបាត់លុយ ចំនួន ៧០០ដុល្លារ ខណៈដែលគាត់ចូលទៅក្នុងផ្ទះកោសជប់ ចាប់សសៃ ១កន្លែង ហើយ ១កន្លែងទៀត ចំនួន ២កន្លែងជិតៗគ្នា។

បុរសនោះ បន្តថា ពេលចូលទៅដល់ គាត់បានស្រាតខោ ព្យួរជាប់ជញ្ជាំង ក្បែរមាត់ទ្វារបន្ទប់ ក្រោយមក ក៏ស្រាប់តែបាត់លុយអស់ចំនួន ៧០០ដុល្លារ ហើយសង្ស័យថា ពួកនាងៗ នៅផ្ទះកោសជប់ចាប់សរសៃនោះ គឺជាអ្នកលួចលុយរបស់គាត់ ទើបគាត់ប្ដឹង សុំឲ្យនគរបាលជួយតែម្ដង។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងផ្ទះកោសជប់ចាប់សរសៃ ៣ដុល្លារ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះដល់វេលាម៉ោង ៤ និង ៣០នាទី ល្ងាចថ្ងៃដដែល ទើបបុរសនោះ ទៅប្ដឹងឲ្យនគរបាល ចុះទៅឃាត់ខ្លួនពួកនាងៗ កោសជប់ ចំនួន ៣នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍កាកាបទី១។

បុរសអ្នករត់កង់បី ដែលអះអាងថា បាត់លុយ ព្រោះចូលទៅកោសជប់ចាប់សរសៃនោះ មិនបានប្រាប់ឈ្មោះទេ។ តែមានអាយុប្រមាណជាង ៣០ឆ្នាំ។ ចំណែកឯពួកនាងៗ ដែលត្រូវនគរបាល ឃាត់នាំទៅសួរនៅប៉ុស្តិ៍នោះ ក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដែរ។ ករណីនេះ ពួកនាងៗ អ្នកកោសជប់ បានបដិសេធន៍ថា អត់ដឹងរឿងបាត់លុយនោះទេ។

រឿងរ៉ាវបែបនេះ ពុំមែនជាលើកទី១ឡើយ។ កន្លងមក បានកើតឡើងជាញឹកញាប់មកហើយ ប៉ុន្តែអ្នកដែលចូលចិត្តទៅកន្លែងបែបនេះ នៅតែគ្មានការប្រុងប្រយ័ត្ន ទាល់តែសោះ ទីបំផុត ត្រូវរងគ្រោះ។

ប្រភពពីកន្លែងកើតហេតុ បានសម្ដែងការងឿងឆ្ងល់ថា តើមូលហេតុអ្វី ទើបបុរសអ្នករត់កង់បីខាងលើ ចូលទៅកោសជប់មួយកន្លែង ហើយមួយកន្លែងទៀត ដល់ទៅ ២កន្លែងបែបនេះ រហូតដល់បាត់លុយបែបនេះ?។ ពេលនេះ រកមិនទាន់ដឹងថា លុយនោះ បាត់មែន ហើយបាត់នៅឯណាទេ៕

ដកស្រង់ពី៖កោះសន្តិភាព