បណ្តាញសង្គម

កម្មករកាត់ដេរ នៅស្រុកក្រគរ ធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់៖ កម្មករ‑កម្មការិនីរាប់ពាន់នាក់ ដែលបម្រើការងារ នៅក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បាននាំគ្នា ធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៥ កុំឲ្យធ្វើចរាចរណ៍ទៅមកបាន ដើម្បីទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់បំណាច់ឆ្នាំ និងប្រាក់ ៥% ដល់ពួកគេ ដែលបានខិតខំធ្វើការកន្លងមកនេះ។កម្មករ‑កម្មការិនី និយាយថា ពួកគេ បានខិតខំធ្វើការខ្លាំងណាស់ ដើម្បីទទួលបានប្រាក់បំណាច់ឆ្នាំ និងប្រាក់ ៥%។

ប៉ុន្តែមកដល់ពេលនេះ ខាងថៅកែរោងចក្រ មិនទាន់បើកឲ្យទេ។ ម្ដងថា ថ្ងៃនេះ ម្ដងថា ថ្ងៃនោះ ធ្វើឲ្យពួកគេ អស់ជំនឿ ក៏នាំគ្នាធ្វើបាតុកម្មតែម្ដង។ ករណីបាតុកម្មនេះ បានធ្វើឲ្យស្ទះចរាចរណ៍ពេញផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខរោងចក្រតែម្ដង។

កម្លាំងសមត្ថកិច្ច បានធ្វើអន្តរាគមន៍។ ប៉ុន្តែកម្មករ‑កម្មការិនី នៅតែមិនដកថយ ដរាបណាមិនមានភ្លើងខៀវឲ្យពួកគេស្ងប់ចិត្ត។ក្នុងស្ថានភាពដ៏តានតឹងនេះ បន្ទាប់ពីទទួលបានដំណឹងភ្លាម លោក ម៉ៅ ធនិន ក្នុងនាមអាជ្ញាធរដែនដីខេត្ត បានចុះទៅពន្លត់ជាបន្ទាន់ ដោយមិនទុកឲ្យភ្លើងបាតុកម្មអហិង្សា អូសបន្លាយនោះទេ។

នៅចំពោះមុខថ្នាក់ដឹកនាំ មន្ទីរជំនាញ និងសមត្ថកិច្ច ខាងតំណាងក្រុមហ៊ុនរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី បានសុំពន្យារពេលដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ទើបបើកជូន។

ប៉ុន្តែខាងកម្មករ‑កម្មការិនី មិនជឿ ព្រោះលើកពេលជាច្រើនដងមកហើយ។ ដោយធ្លាប់ធ្វើប៉ាវចិន ក្នុងការកាត់ក្ដី ដោះស្រាយ និងសម្របសម្រួលបញ្ហាជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រាប់មិនអស់មកហើយនោះ លោក ម៉ៅ ធនិន បានសម្រេចសម្របសម្រួលឲ្យខាងក្រុមហ៊ុន បើកប្រាក់ខែដំណាច់ឆ្នាំ និងប្រាក់៥% ជូនកម្មករ‑កម្មការិនី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបើបើកមិនទាន់ សូមបន្តបើក នៅថ្ងៃបន្ទាប់ទៀត។

ខាងក្រុមហ៊ុន បានយល់ព្រម តាមការសម្របសម្រួលរបស់លោកអភិបាលខេត្ត។ រីឯកម្មករ‑កម្មការិនី ក៏បានទះដៃសាទរ ទទួលយកទាំងអស់គ្នា បញ្ចប់ការតវ៉ាត្រឹមនោះទៅ៕

ដកស្រង់ពី៖កោះសន្តិភាព