បណ្តាញសង្គម

​ឃាត់ខ្លួន​ ជនសង្ស័យ​៦​នាក់​ រួមនិង គ្រឿងញៀន ​ចំនួន​១០កញ្ចប់​ស្មើ​នឹង​ ​៤.២​ក្រាម​

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ និងនគរបាលក្រុងសិរីសោភ័ណ បានប្រតិបត្តិការ បង្ក្រាបចាប់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រី៦នាក់ ខណៈពួកគេកំពុងតែធ្វើសកម្មភាព លក់ចែកចាយថ្នាំញៀនខុសច្បាប់ ។

ប្រតិបត្តិការណ៍នេះសមត្ថកិច្ច បានដកហូតបាន និងធ្វើការឆែកឆេររកឃើញថ្នាំញៀន មេតំហ្វតាមីនទឹកកកចំនួន១០កូនថង់ស្មើ និងទម្ងន់៤.២ក្រាម និងទូរស័ព្ទដៃ២គ្រឿងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចចំការស្វាយមួយកន្លែងស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឱ្យដឹងនៅល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ថា ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ រួមនិងគ្រឿងញៀន ធ្វើឡើងក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ ឃើញសកម្មភាពរបស់ពួកគេកំពុង តែធ្វើសកម្មភាព លក់ចែកចាយថ្នាំញៀន នៅចំណុចខាងលើ។

លោកបានបន្តថា ក្រោយពីទទួលព័ត៌មានភ្លាម លោកក៏រាយការណ៍ និងគោលការ ពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត និងសម្របសម្រួល ការងារបង្ក្រាប ពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត នៅពេលនោះ លោក បានដឹកនាំកម្លាំងចុះ ទៅធ្វើការស្រាវជ្រាវនិងឃើញពួកគេកំពុង តែធ្វើសកម្មភាពចែកចាយគ្រឿងញៀន តែម្តង។

លោកបានបន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៦នាក់ ក្នុងនោះមាន២នាក់ជាអ្នកលក់ចែកចាយថ្នាំញៀន ចំណែក៤នាក់ ទៀតជាអ្នកប្រើប្រាស់ថ្នាំ ញៀនជនសង្ស័យលក់ចែកចាយថ្នាំញៀន ទាំង២នាក់មាន ទី១,ឈ្មោះ ឆេង គឹមឡាក់ ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទី២, ឈ្មោះ ថាន ហួង ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំង២នាក់ នេះរស់នៅភូមិសង្កាត់ជាមួយគ្នា ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដកហូត បានថ្នាំញៀនមេតំហ្វតាមីនទឹកកក ចំនួន១០កូនថង់ស្មើនិងទម្ងន់៤.២ក្រាម និងទូរស័ព្ទដៃ២គ្រឿង។

ចំណែកអ្នកសេពគ្រឿងញៀន ៤នាក់នោះ សមត្ថកិច្ចពុំប្រាប់ អត្តសញ្ញាឡើយ ។ ក្រោយពីសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យខាងលើនេះបានសារភាព កំហុសរបស់ខ្លួនពិតជាបានប្រព្រឹត្ត បទល្មើស ចែកចាយគ្រឿងញៀនពិតមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានសាងសំណុំរឿងជនសង្ស័យខាងលើ រួមនិងវត្ថុតាងថ្នាំញៀនបញ្ជូន ទៅកាន់សាលាដំបូងខេត្យ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕

ដកស្រងពី៖ដើមអម្ពិល