បណ្តាញសង្គម

បុរស​រូប​នេះ​ហ៊ាន​មែន​! ធ្វើ​សកម្មភាព​បែប​នេះ​ដាក់​អ្នកគ្រូ​ដល់​ក្នុង​សាលារៀន

ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ក្រោយពីចូលទៅលួចយកម៉ូតូរបស់អ្នកគ្រូនៅបឋមសិក្សាសម្ដេចជាស៊ីម រួចគេចខ្លួនបាន៣ថ្ងៃមក ជនសង្ស័យរូបនេះក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតឃាត់ខ្លួនបាន ថែមទាំងដកហូតវត្ថុតាងផងដែរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ខណៈជននោះបានយកម៉ូតូទៅលាក់ទុកក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

បើតាមអធិការក្រុងបាត់ដំបង លោកឆាង វណ្ណឆៃ បានឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ នាង រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ។ ដោយឡែកម្ចាស់ម៉ូតូឈ្មោះ ហឿម សុភ័ក្ត្រ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សា «សម្ដេចជាស៊ីម» ស្ថិតនៅខាងកើតរង្វង់មូលលោកតាដំបងគ្រញូង។ អ្នកគ្រូបានបាត់ម៉ូតូកាលពីថ្ងៃទី១៨ មីនា ពេលដែលគាត់ទុកក្នុងបរិវេណសាលា។

លោកឆាង វណ្ណឆៃ បានបញ្ជាក់ថា ក្រោយពីទទួលបណ្ដឹងពីអ្នកគ្រូ លោកស្នងការខេត្តក៏បានបញ្ជាឱ្យកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ក្រោយមកក៏បានចូលពិនិត្យផ្ទះរបស់ជនសង្ស័យ ក៏ស្រាប់តែរកឃើញម៉ូតូរបស់អ្នកគ្រូរងគ្រោះ ប៉ុន្តែម៉ូតូរបស់អ្នកគ្រូត្រូវជននេះបានដោះខ្ទេចខ្ទី រួចលាក់ទុកនៅក្នុងផ្ទះ ក្រោយមកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យតែម្ដង។គួរបញ្ជាក់ផងដែរថា ក្រោយពេលបាត់ម៉ូតូរបស់អ្នកគ្រូ ហឿម សុភ័ក្រ គេឃើញមានការបង្ហោះព្រោងព្រាតតាមបណ្ដាញសង្គម ដោយមានភ្ជាប់ជាមួយនឹងកាតគ្រីម៉ូតូផង ដោយម៉ូតូនោះម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1B.6072។

ដោយឡែកជនសង្ស័យឈ្មោះ នាង រស្មីវិញ បានសារភាព បន្ទាប់ពីត្រូវសមត្ថកិច្ចតាមក្របួច.កបានដល់ផ្ទះថា ខ្លួនពិតជាបានចូលលួចយកម៉ូតូម៉ាកវីវ៉ានោះដល់ក្នុងបរិវេណសាលាខាងលើនេះមែន។ ជននេះនិយាយថា ក្រោយពីលួចបាន ខ្លួនបានជិះយកទៅលាក់ទុកនៅក្នុងផ្ទះសិន ដោយដោះអាវចេញ និងដោះស្លាកលេខយកទៅលាក់ទុក តែក្រោយក៏ត្រូវសមត្ថកិច្ចតាមរកឃើញ ខ្លួនក៏បានប្រមូលវត្ថុតាងទាំងនោះប្រគល់ជូនវិញអស់ហើយ។

ចំណែកលោកឆាង វណ្ណឆៃ ក៏បានប្រាប់ថា ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាននូវវត្ថុតាងមាន ៖ ម៉ូតូម៉ាក SUZUKI VIVA ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ1B-6072 (ម៉ូតូជនរងគ្រោះ), ដែករាងអក្សរ T សម្រាប់កាច់សោ.កម៉ូតូចំនួន១, ឧបករណ៍សម្រាប់បាញ់ថ្នាំចំនួន១, ថ្នាំបាញ់ដូរពណ៌ម៉ូតូចំនួន៣កំប៉ុង, ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចមួយចំនួន ដែលសង្ស័យថាមានសារធាតុញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ លោកបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព