បណ្តាញសង្គម

សម្តេច​​តេ​ជោ​ជំរុញ​ឱ្យ​ធ្វើ​អធិការកិច្ច​លើ​សំណុំរឿង​ដោះលែង ​ឪពុក​ម្តាយ ថោង សារ៉ាត់​

ភ្នំពេញ ៖ នៅក្នុងពិធីប្រគល់ សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម ធ្វើអធិការកិច្ច

ទៅលើសំណុំរឿង ដែលចៅក្រម នៅសាលាដំបូង រាជធានីភ្នំពេញ បានដោះលែងឪពុកម្តាយ លោក ថោង សារ៉ាត់ ដែលជាប់ចោទ អំពើឧក្រិដ្ឋ សម្លាប់មនុស្ស ឱ្យនៅក្រៅឃុំ ។

សម្តេចតេជោ មានប្រសាសន៍ថា «ខ្ញុំអត់បញ្ជាតុលាការទេ ខ្ញុំសំណូមពរ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ធ្វើអធិការកិច្ច សំណុំរឿងមួយនេះ ហើយដំបូងបំផុត ត្រូវធ្វើសវនកម្ម លើតែបញ្ហាពាក់ព័ន្ធ នឹងរឿងឱ្យ នៅក្រៅឃុំ ។ រឿងក្តីអយុត្តិធម៌ ជារឿងឃាតកម្ម រង្គើភ្នំពេញ ហេតុអ្វី បានជារឿងហ្នឹង ទៅជាអញ្ចឹងកើត ។មិនមែន ហ៊ុន សែន បញ្ជាឱ្យដោះលែងទេ ។ ចៅក្រមបំពាន លើសាលដីកាខ្លួនឯង ដែលជាអង្គជំនុំជម្រះ នៅសាលាដំបូង និងអង្គជំនុំជម្រះ នៅសាលាឧទ្ធរណ៍ ។

ឯពួកប្រឆាំងបែរ ជានិយាយថា ទីក្រុងហាណូយ ដាក់សម្ពាធលើ ហ៊ុន សែន បានជា ហ៊ុន សែន ដោះលែង ។ បើយោងទៅលើអ្វីដែលជា ការសន្និដ្ឋាន អ្នកចាប់ខុសទាំងអស់ ថោង សារ៉ាត អត់មានបញ្ហា ហើយហ៊ាននិយាយថា ហ៊ានយកក្បាល មកធានាទៀត ។ ឥឡូវត្រៀម ក្បាលទុកទៅ ។

គេអាចនិយាយទៅកើត នៅពេលដែល សំណុំរឿងមួយ មិនទាន់បានធ្វើសវនាការ ចៅក្រមអាច ធ្វើការសន្និដ្ឋាន ទុកជាមុនថា សុំយកក្បាលធានាគឺ ថោង សារ៉ាត អត់ ពាក់ព័ន្ធ ដែលក្នុងចំណោម ០៤នាក់ គឺមានតែចៅក្រមម្នាក់ទេ ដែលថាពាក់ព័ន្ធ ។ ខ្ញុំមានអំណាចទៅលើកម្លាំង ប្រដាប់អាវុធ ទៅលើអ្នកស្រាវជ្រាវ ខាងរាជរដ្ឋាភិបាល តែខាងផ្នែកតុលាការ ខ្ញុំអត់មានអំណាចទេ ។ ដើម្បីដឹងរឿងហ្នឹងពិតប្រាកដ ឱ្យរដ្ឋមន្ត្រីយុត្តិធម៌ ព្រោះរដ្ឋមន្ត្រីយុត្តិធម៌ ជាសមាជិក រាជរដ្ឋាភិបាល ហើយគាត់ជា សមាជិកក្រុមប្រឹក្សា នៃអង្គចៅក្រម ។

ដាច់ខាតហើយ រឿងមួយនេះ ខ្ញុំមិនទុកឱ្យរបូតទេ ទោះបីជានាយករដ្ឋមន្ត្រី ត្រូវចូលគាល់ព្រះមហាក្សត្រ ក្នុងឋានៈ ព្រះអង្គជាព្រះប្រធានឧត្តម ក្រុមប្រឹក្សានៃ អង្គចៅក្រម » ។ សម្តេចតេជោ បានធ្វើអត្ថាធិប្បាយថា ដំណើរការសំណុំរឿង ឧក្រិដ្ឋនេះបានទៅជាហូរហែពីក្រោម ទៅមិនឱ្យនៅក្រៅឃុំទេ  ។ ថ្ងៃទី២០ ខែមករា មិនឱ្យនៅក្រៅឃុំ , ថ្ងៃទី២១ ខែមករា ប្តឹងទៅតុលាការកំពូល, ថ្ងៃទី០៥ ខែកុម្ភៈ ទៅដកបណ្តឹងមកវិញ ថ្ងៃទី០៦ ខែកុម្ភៈ គេដោះលែង ។ ល្បឿនហ្នឹងវា លឿនពេក ដូច្នេះចៅក្រម ម្នាក់អាចរំលោភលើអង្គជំនុំជម្រះ នៃសាលាដំបូង និងសាលាឧទ្ធរណ៍ តើវាយ៉ាងម៉េច ? ៕ 

ដកស្រង់ពី៖ដើមអម្ពិល