បណ្តាញសង្គម

ជម្លោះក្មេងស្ទាវ៖ ភាគីចាញ់​ ដេកពេទ្យ រីឯភាគីឈ្នះ ចូលគុក​!

បន្ទាយមានជ័យ៖ ទំនាស់ពាក្យសំដី បានឱកាស កាប់ជនរងគ្រោះ បណ្តាលឲ្យរបួស ២នាក់។ ប៉ុន្តែជនដៃដល់ ២នាក់ ត្រូវបានប៉េអឹម ចាប់បាន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ២នាក់ មាន១.ឈ្មោះ បៀវ ដូច ភេទប្រុស អាយុ ១៥ឆ្នាំ ២.ឈ្មោះ វ៉ង្ស សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា នៅពេលឃាត់ជនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងជនរងគ្រោះ ១.ឈ្មោះ ចេម វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ ២.ឈ្មោះ ស៊ុន គឹមស្រុង ភេទប្រុស អាយុ ១៦ឆ្នាំ។

ជនរងគ្រោះ បានប្តឹងជនសង្ស័យ ២នាក់ ១.ឈ្មោះ បៀវ ដូច ២.ឈ្មោះ វ៉ង្ស សំណាង ធ្វើសកម្មកាប់ទៅលើជនរងគ្រោះ ឈ្មោះ ចេម វាសនា របួសស្មាខាងឆ្វេង និងឈ្មោះ ស៊ុន គឹមស្រុង របួសជង្គង់ខាងឆ្វេង ដែលធ្វើសកម្មភាពកាប់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានស្រាវជ្រាវកំណត់មុខសញ្ញា និងបានឃាត់ជនសង្ស័យទាំង ២នាក់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្រោយពេលសាកសួរជនសង្ស័យ និងតាមចម្លើយសារភាពជនទាំង ២នាក់ គឺមូលហេតុដែលកាប់ទៅជនរងគ្រោះ ដោយសារតែរយៈពេលកន្លងមក ពួកគេធ្លាប់មានទំនាស់ពាក្យសំដី និងគំកួនទុក ដល់មានឱកាសល្អ កាប់ជនរងគ្រោះទាំង ២នាក់តែម្តង។ ក្រោយពេលសាកសួរ កងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនយុវជនទាំងពីរនាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព