បណ្តាញសង្គម

នគរបាល ខេត្ដកំពង់ចាម ប្រគល់ម៉ូតូជូន ម្ចាស់ដើមវិញ ក្រោយ ACU កោះហៅ អតីតមេព្រហ្មទណ្ឌ ធ្ងន់ទៅសួរនាំ

កំពង់ចាម ៖ ម៉ូតូចំនួន៧គ្រឿង ក្នុងនោះ៦គ្រឿង ដែលរកឃើញ ម្ចាស់ពិតប្រាកដតាម រយៈការបង្ហាញ ឯកសារត្រឹមត្រូវ ដែលជាប់ពាក់ព័ន្ធ ក្នុងករណីទទួលផល ចោរកម្ម នៅស្រុកតំបែរនោះ ត្រូវបានស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បញ្ជាឱ្យប្រគល់ ម៉ូតូទាំងនេះ ជូនម្ចាស់វិញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។

ក្នុងសំណុំរឿងពាក់ព័ន្ធ ទៅនឹងការដកហូត ម៉ូតូចំនួន១០គ្រឿង ជុំវិញរឿងទទួល ផលចោរកម្ម នៅស្រុកតំបែរ ខេត្ដត្បូងឃ្មុំនោះ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ដកំពង់ចាម លោក ហួត វុទ្ធី បានបញ្ជាទៅឱ្យ អតីតនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ លោក សាន សុភា ធ្វើការប្រគល់ម៉ូតូ ទាំងនេះជូនទៅ ម្ចាស់ដើមវិញ ក្រោយពីរកឃើញថា ម្ចាស់ម៉ូតូទាំងនោះ បានរងគ្រោះ និងត្រូវចោរលួច ម៉ូតូរបស់ពួកគេ ។

ក្រោយពីមានដីកា សម្រេចរបស់តំណាង អយ្យការឱ្យ ប្រគល់ម៉ូតូ ទាំងនេះជូនទៅ ជនរងគ្រោះវិញ រហូតមកដល់ ពេលនេះ ពោលមានរយៈពេល ជាង៣ខែ អតីតនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលបច្ចុប្បន្ន ជាស្នងការ រងនគរបាល មិនទាន់បាន ប្រគល់ម៉ូតូទាំងអស់ ទៅម្ចាស់ម៉ូតូវិញ នៅឡើយទេ ពោលបានប្រគល់ត្រឹម តែ៣គ្រឿងប៉ុណ្ណោះ ។ ដោយសារតែ ភាពតឹងរ៉ឹង មានៈ និងធ្វើការងាររបៀប ឆ្នាំងវែងអន្ទង់វែង របស់អតីតនាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ខាងលើនេះ បានធ្វើឱ្យម្ចាស់ម៉ូតូ ចំនួន៦នាក់ ដាក់ពាក្យបណ្ដឹង ទៅកាន់អង្គភាព ប្រឆាំងអំពើពុករលួយ រហូតប្រធាន អង្គភាពមួយនេះ បានចេញ លិខិតកោះហៅ លោក សាន សុភា ឡើងទៅបំភ្លឺ ជុំវិញករណីទាំងនេះ ថាមកពីមូលហេតុអ្វី នៅតែមិនទាន់ ប្រគល់ម៉ូតូទៅ ឱ្យជនរងគ្រោះនៅឡើយ បើទោះបី ពួកគេមានឯកសារ គ្រប់គ្រាន់ ដោយមានការបញ្ជាក់ ពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធនោះ ។

យោងតាមលិខិត របស់លោក ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានស្នើសុំ ការបំភ្លឺពាក់ព័ន្ធទៅនឹង ការមិនព្រមប្រគល់ ម៉ូតូ ចំនួន៦គ្រឿង ជូនម្ចាស់ដើមវិញ តាមដីកាសម្រេចរបស់ តំណាងអយ្យការ អមសាលាដំបូង ខេត្ដកំពង់ចាម ។ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បាន បញ្ជាក់នៅក្នុង លិខិតរបស់ខ្លួនយ៉ាងដូច្នេះថា «អង្គភាពប្រឆាំង អំពើពុករលួយ បានទទួល និងពិនិត្យលើ ពាក្យប្ដឹងដែលបាន ចោទប្រកាន់លោក (សាន សុភា )ថា កាលពីថ្ងៃទី០២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាល ស្រុកតំបែរ សហការជាមួយ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ ខេត្ដកំពង់ចាម បានចុះដកហូតយក ម៉ូតូពី ប្រជាពលរដ្ឋ នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បានចំនួន១០គ្រឿង ដោយសង្ស័យ ពាក់ព័ន្ធនឹងករណី ចោរលួចមកលក់ ហើយម៉ូតូទាំងនោះ ត្រូវបានយកមករក្សាទុក នៅស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម ។

ក្នុងចំណោមម៉ូតូ ចំនួន១០គ្រឿង មានម៉ូតូចំនួន ៣គ្រឿង បាន ប្រគល់ជូនម្ចាស់ដើមវិញ ហើយនៅសល់ម៉ូតូ ចំនួន៧គ្រឿងទៀត មិនទាន់ប្រគល់ជូនម្ចាស់ ដើមវិញទេ ដោយរក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្ដ កំពង់ចាម នៅឡើយ ទោះជា មានដីកា សម្រេចប្រគល់ជូន ម្ចាស់ដើមទាំង ៦នាក់រួចហើយ ក៏ដោយនោះ» ។ ជុំវិញការកោះហៅ ចូលទៅបំភ្លឺរបស់ អង្គភាពប្រឆាំង អំពើពុករលួយ លោក សាន សុភា ដែលទើបនឹង តែងតាំងជា ស្នងការរង នគរបាល ខេត្ដកំពង់ចាម ទទួលខាងចាត់តាំង បានបញ្ជាក់ថា នឹងចូល ទៅបំភ្លឺនៅអង្គភាព មួយនេះ ក្នុងរយៈពេលដ៏ខ្លី ខាងមុខនៅពេល ដែលមានឯកសារ ពាក់ព័ន្ធរៀបចំ រួចរាល់ហើយនោះ ។ ជុំវិញករណី ខាងលើនេះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានអះអាងថា សំណុំរឿង មួយនេះលោក ទើបបានដឹង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយក្រោយពីពិនិត្យឃើញថា លោក សាន សុភា មិនទាន់ប្រគល់ ម៉ូតូទាំងនេះ ទៅម្ចាស់ ដើមវិញនោះ លោកបានបញ្ជា ឱ្យលោក សាន សុភា ប្រគល់សំណុំ រឿងមួយនេះ ទៅលោក ហេង វុទ្ធី ស្នងការរង នគរបាល និងជាប្រធាន ការិយាល័យ កណ្ដាលព្រហ្មទណ្ឌ ធ្វើការរៀបចំ ប្រគល់ ម៉ូតូទាំងនេះ ជូនម្ចាស់ដើមវិញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ យ៉ាងដាច់ណាត់តែម្តង ។

លោកឧត្ដមសេនីយ៍ ស្នងការបានបញ្ជាក់ទៀតថា «ករណីនេះគ្មានអ្វី ដែលពិបាកដោះ ស្រាយនោះទេ ពោលសមត្ថកិច្ច បានទទួល ដីកាពីព្រះរាជអាជ្ញា ដោយសរសេរដាក់ឈ្មោះ ចំៗ ដូច្នេះបើម្ចាស់ម៉ូតូ មានឯកសារ ត្រឹមត្រូវ ពីអាជ្ញាធរនោះ គឺអាចមកយក ម៉ូតូវិញបាន ពេលណាក៏បានដែរ គ្មានអ្វីត្រូវស្មុគ្រស្មាញ នោះឡើយ» ។ លោកស្នងការ ក៏បានអះអាងទៀតថា បើខ្លាចមានបញ្ហានោះ ពេលប្រគល់ ម៉ូតូអញ្ជើញ ក្រឡាបញ្ជីមកចូលរួម ហើយថតរូបនោះជា ការស្រេច ។ សម្រាប់រឿងរ៉ាវ ទាំងអស់នេះ លោកឧត្ដមសេនីយ៍ បែន រ័ត្ន ពិតជាមានការហួស ចិត្ដយ៉ាងខ្លាំង និងសុំទោស ម្ចាស់ម៉ូតូ ចំពោះការធ្វើការ យឺតយ៉ាវ និងវែងឆ្ងាយ ពីសំណាក់មន្ដ្រី ក្រោមឱវាទរបស់ លោក បើទោះបីមានដីកា សម្រេចពីតុលាការ ក៏ដោយនោះ ដូច្នេះបានសម្រេចភ្លាមៗឱ្យ លោក ហេង វុទ្ធី ជាអ្នកទទួលចាត់ការរឿង នេះ ប្រគល់ម៉ូតូទៅឱ្យម្ចាស់ដើមវិញ ដើម្បី កុំឱ្យពួកគាត់មានការ ថ្នាំថ្នាក់ និងរិះគន់មកលើសមត្ថកិច្ច ។ លោកឧត្តមសេនីយ៍ បែន រត្ន័ បានបញ្ជាក់ថា ម៉ូតូទាំង ៧គ្រឿង របស់ប្រជាពលរដ្ឋនោះ គ្មានសមត្ថកិច្ច ណាម្នាក់ហ៊ានទៅ ប៉ះនោះឡើយ ពោល បានទុកនៅ ស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីប្រគល់ជូន ពួកគាត់វិញ ។

មន្ដ្រីនគរបាល នៅការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់មួយរូប ដែលសូមមិន បញ្ចេញឈ្មោះ បានលួចប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថា មូលហេតុដែល នាំឱ្យ រឿងរ៉ាវខាង លើនេះ កើតឡើងរហូតធ្វើ ឱ្យប្រជាពលរដ្ឋ ប្ដឹងផ្ដល់ទៅអង្គភាព ប្រឆាំងអំពើពុករលួយ នោះ គឺមកពី បុគ្គលលោក សាន សុភា តែម្ដង ដោយមានចិត្ដមានៈ និងធ្វើការងារ របៀប ឆ្នាំងវែងអន្ទង់វែង ពោលបើមានដីការបស់ តុលាការហើយ ប្រគល់ម៉ូតូទៅឱ្យ ម្ចាស់ដើមវិញ គ្មានអ្វីស្មុគ្រស្មាញ នោះទេ គ្រាន់តែឱ្យ ពួកគាត់យកឯកសារ ពាក់ព័ន្ធ និងម៉ូតូមក បង្ហាញរួចប្រគល់ទៅឱ្យ ដោយមានថតរូប ឬមន្ដ្រីតុលាការ ចូលរួមជាសាក្សី ជាការស្រេច។

មន្ដ្រីនគរបាល រូបនេះ បានលួច បង្ហើបទៀតថា ដោយសារតែភាព មានៈ រឹងទទឹង និងធ្វើការងារ របៀបក្បាច់ក្បូរច្រើន បែបនេះ ឥឡូវស្នងការនគរបាល ខេត្ដកំពង់ចាម បាន បញ្ជាឱ្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ថ្មី លោក ទុំ ចាន់ណា និងស្នងការរង និង ជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌ លោក ហេង វុទ្ធី ជាអ្នកទទួលខុស ត្រូវនិងធ្វើកិច្ចការងារ ទាំងនេះ ព្រមទាំង សំណុំរឿងផ្សេងៗ ទៀត ហើយម្យ៉ាងទៀត លោក សាន សុភា ត្រូវបានតែង តាំងជាស្នងការរង ទទួលការងារចាត់តាំងទៅវិញនោះ។ យោងតាមដីការបស់ លោក ហួត វុទ្ធី ព្រះ រាជ្ញអាជ្ញា អមសាលាដំបូង ខេត្ដកំពង់ចាម បានបញ្ជាឱ្យ ប្រគល់ម៉ូតូចំនួន៧ គ្រឿង ក្នុងនោះ ម៉ាកហុងដា សេ១២៥ ចំនួន៦គ្រឿង និងម៉ាកស្កុបពី ១គ្រឿង ប្រគល់ទៅ ម្ចាស់ដើមវិញ រួមមាន ទី១ ឈ្មោះអយ ស្វិត ទី២ ឈ្មោះ ទ្រី សេង ហ៊ាន ទី៣ ឈ្មោះព្រុំ ពុធ ទី៤ ឈ្មោះហួត វណ្ណឌី ទី៥ ឈ្មោះធី សុភក្រ័ និង ទី៦ឈ្មោះរ៉េត សារ៉ាយ ដើម្បីយកទៅប្រើប្រាស់ ជាបណ្ដោះអាសន្ន ៕

ដកស្រង់ពី៖ ដើមអំពិល