បណ្តាញសង្គម

ទណ្ឌិតម្នាក់ ផ្លោះរបង លួចរត់ពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន តែប៉ូលិសចាប់បានមកវិញ!

ខេត្តប៉ៃលិន៖ យុវជនម្នាក់ ជាទណ្ឌិត បានផ្លោះរបង លួចរត់ចេញពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន កាលពីម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ប៉ូលិស ចាប់បានមកវិញ។ នេះបើតាមរបាយការណ៍របស់ប៉ូលិសផែនការងារព្រហ្មទណ្ឌល នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន។

ទណ្ឌិត ដេលផ្លោះរបងពេទ្យ លួចរត់នោះ មានឈ្មោះ លឹម សំបូរ (ហៅ ពៅ) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជាប់ឃុំនៅក្នុងពន្ធនាគារខេត្តប៉ៃលិន។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងមន្រ្តីពន្ធពន្ធនាគារខេត្ត បានសហការសាកសួរ និងប្រមែប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ និងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះ និងបានរុករកទណ្ឌិតខាងលើ រហូតដល់វេលាម៉ោង ១៣:៣០នាទី កម្លាំងសមត្ថកិច្ចយើង បានរកទណ្ឌិតខាងលើ ឃើញ ដោយកំពុងសំងំលាក់ខ្លួន នៅក្នុងរណ្ដៅ ដែលមានស្មៅគ្របពីលើ នៅចំណុចដីមួយកន្លែងខាងកើតតារាងបាល់ទះរបស់ឈ្មោះ ជា អិត ចម្ងាយប្រហែលជា ២០០ម៉ែត្រ ស្ថិតក្នុងភូមិវត្ត សង្កាត់/ក្រុង/ខេត្តប៉ៃលិន។ទណ្ឌិតនោះ ត្រូវបាននាំខ្លួន ទៅធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

ការបំភ្លឺរបស់ទណ្ឌិតខាងលើ បង្ហាញថា នៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មន្រ្តីអនុរក្សពន្ធនាគារ បានឲ្យអ្នកទោស ចេញពីបន្ទប់ ដើម្បីហាត់ប្រាណ នៅខាងក្រៅបន្ទប់ ពេលនោះ ខ្លួនជាប្រធានបន្ទប់ បានឆែកឆេរមុនពេលចូលទៅហាត់ប្រាណ ហើយនៅពេលនោះ ខ្លួនកំពុងតែឆែកឆេរស្រាប់តែឈ្មោះ ឡុង ម៉េងហាវ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ ស្ទុះមកវាយខ្លួន និងបានចាប់កាច់ចង្អុលម្រាមដៃខាងឆ្វេង បណ្ដាលឲ្យបាក់។

បន្ទាប់មក មន្រ្តីអនុរក្សពន្ធនាគារ បានបញ្ជូនខ្លួន មកមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ដើម្បីដេររបួស ក្រោយពីពេទ្យដេររបួសរួចរាល់ នៅវេលាម៉ោងប្រហែល ១១:៣០នាទី ពេទ្យបានហៅមន្រ្តីអនុរក្សពន្ធនាគារ ចូលទៅក្នុងបន្ទប់ ដើម្បីចុះហត្ថលេខាលើឯកសារឲ្យខ្លួនចេញទៅពន្ធនាគារវិញ ហើយខ្លួនដើរចេញទៅនោមនៅក្បែររបងពេទ្យ ភ្លាមនោះ ខ្លួនក៏បានលួចផ្លោះរបង រត់ចេញមកខាងក្រៅតែម្ដង។

ទណ្ឌិតដដែល បានសារភាពថា កន្លងមក ខ្លួនមានបញ្ហាជាមួយនឹងជនជាប់ឃុំដូចគ្នា នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ដោយឈ្មោះ ឡុង ម៉េងហាវ ខឹងនឹងខ្លួន បានរាយការណ៍ជូនមន្រ្តីអនុរក្សពន្ធនាគារ អំពីការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងពន្ធនាគារ កាលពីអំឡុងខែសីហា ឆ្នាំ២០២០។

ទណ្ឌិតរូបនេះ ជាប់ចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅភូមិលួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ០៤ឆ្នាំ (ប្រកាសសាលក្រមនៅថ្ងៃទី០៩-០៩-១៨) បានអនុវត្តទោសរយៈ ០២ឆ្នាំ ០៧ខែ នៅសល់រយៈ ០១ឆ្នាំ ០៦ខែទៀត នឹងត្រូវរួចទោស៕

ដកស្រង់ពី៖កោះសន្តិភាព