បណ្តាញសង្គម

ចាប់​បាន​ម្នាក់​ហើយ ជើង​ខ្លាំង​គប់​កញ្ចក់​ថ​យន្ត​មួយ​យប់​៦​គ្រឿង

ខេត្តបាត់ដំបង ៖ ក្រុមជើងខ្លាំងស្ទាក់គប់កញ្ចក់រថយន្តមួយយប់អស់ចំនួន៦គ្រឿង កាលពីប៉ុន្មានថ្ងៃមុន ពេលនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៤ ខែមេសាហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឱ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះ ឌិន ពៅ ហៅង៉ោល អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល។

ជននេះ ត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនកាលពីរវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ខណៈពេលកំពុងចូលទិញបបរ.សនៅម្ដុំភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គឺក្រោយជននេះ និងបក្សពួកធ្វើសកម្មភាពបាន៤ថ្ងៃ។

ប៉ុន្តែលោកបានបញ្ជាក់ថា ចម្លើយសារភាពរបស់ជននេះបានអះអាងថា ខ្លួនបានគប់តែរថយន្តដឹកទំនិញមួយគ្រឿងប៉ុណ្ណោះ។ សូមរំលឹកថា ជនសង្ស័យរូបនេះ និងបក្សពួកប៉ុន្មាននាក់ទៀង ត្រូវបានគេកំណត់ថា បានជិះម៉ូតូពូនចាំគប់កញ្ចក់រថយន្តអ្នកដំណើរពេលយប់។

ជាពិសេសរថយន្តធំៗ បណ្ដាលឱ្យបែកកញ្ចក់អស់ចំនួន៦គ្រឿង កាលពីយប់ថ្ងៃទី៣០ មីនា កន្លងទៅ កាលពីប៉ុន្មានថ្ងៃមុននោះតាមផ្លូវជាតិលេខ៥ ចន្លោះពីភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ដល់ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល។

ក្រោយពេលកើតហេតុ ក្រុមជននេះ ត្រូវបានគេកំណត់ថា ពួកគេមានគ្នា៣នាក់ តែពេលចាប់បានម្នាក់ ជននេះបានប្រាប់ថា ពួកខ្លួនមានគ្នាតែ២នាក់ទេ គឺម្នាក់ទៀងឈ្មោះ សត់ អាយុ២៦ឆ្នាំ។ជាមួយនឹងការឃាត់ខ្លួនជនរងគ្រោះឈ្មោះ ឌិន ពៅ ហៅង៉ោល បានសារភាពថា ខ្លួននិងបក្សពួកម្នាក់ទៀត ពិតជាបានស្ទាក់គប់កញ្ចក់រថយន្តកាលពីយប់ថ្ងៃទី៣០ មីនា មែន ដោយសារខឹងរថយន្តយក្សនោះ បើកឆាបពេលខ្លួនកំពុងជិះម៉ូតូត្រឡប់មកពីផឹកស៊ីវិញ។

ជននេះនិយាយថា នៅមុនកើតហេតុ ពួកខ្លូនបានជិះម៉ូតូមកពីផឹកស៊ីនៅក្រុងបាត់ដំបង ពេលជិះមកតាមផ្លូវ ស្រាប់តែត្រូវរថយន្តធំមួយគ្រឿងបើកមកឆាប ទើបពួកខ្លួនខឹងក៏ជិះម៉ូតូតាមគប់បំបែកកញ្ចក់រថយន្តនោះតែម្ដង។

ប៉ុន្តែជននេះបានអះអាងថា ខ្លួនបានគប់ទៅលើតែរថយន្តមួយគ្រឿងប៉ុណ្ណោះ រីឯរថយន្តប៉ុន្មានគ្រឿងទៀតដែលបែកកញ្ចក់នៅយប់នោះដែរ គឺខ្លួនមិនបានដឹងទេ។ទោះយ៉ាងណាក៏ដោយ បើតាមលោកឈឿង គឹមសុង បានប្រាប់ថា បើតាមការស្រាវជ្រាវអំពីប្រវត្តិ ក្រុមជននេះអាចនៅមានបក្សពួកច្រើនទៀត ដែលធ្វើសកម្មភាពល្មើសច្បាប់យ៉ាងអាវ៉ាសែនេះ ហើយមានទាំងស្រីៗទៀតផង។

ហើយបើតាមការស៊ើបអង្កេត ក្រុមនេះបានជួលបន្ទប់ស្នាក់នៅមួយកន្លែងនៅក្នុងក្រុងបាត់ដំបង ហើយគោលបំណងពួកគេ គឺប្រមូលផ្ដុំគ្នាប្រព្រឹត្តបទល្មើសផ្សេង ពេលនេះកម្លាំងរបស់លោកកំពុងធ្វើការស៊ើបបន្តទៀត។ ដោយឡែកជើងខ្លាំងគប់កញ្ចក់រថយន្តដែលកម្លាំងរបស់លោកចាប់បានម្នាក់នោះ ពេលនេះត្រូវបានបញ្ជូនទៅតុលាការហើយ៕

ដកស្រង់ពី៖កោះសន្តិភាព