បណ្តាញសង្គម

អាវុធហត្ថខេត្តស្ទឹងត្រែង កម្ទេចសំបុកក្រុម​ជក់ថ្នាំញៀន ធ្វើសកម្មភាពឆក់ និងលួចទ្រព្យ​សម្បត្តិប្រជាពលរដ្ឋ ក្នុងក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបំបែកសំបុកក្រុមចែកចាយជក់ថ្នាំញៀន ដែលសកម្ម ក្នុងករណីឆក់ និងលួចទ្រព្យសម្បត្តិពលរដ្ឋក្នុងខេត្ត។ ការបំបែកសំបុកក្រុមអ្នកញៀនថ្នាំនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០១ មេសា ឆ្នាំ២០២១ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលបានដឹកនាំកម្លាំង ដោយបានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលពីស្ថាប័នតុលាការ ចុះឆែកឆេរសំបុកក្រុមចោរ ១កន្លែង នៅចំនុចដីឡូតិ៍ជិតផ្លូវបំបែកច្រមុះជ្រូកចំការម៉ៃសាក់ ព្រមទាំងរឹបអូសវត្ថុតាងជាច្រើន។

លោកមេបញ្ជាការរង បន្តអោយដឹងថា ដំបូងឡើយ មានបណ្តឹងពីប្រជាពលរដ្ឋ ផ្អែកលើរូបភាពវីដេអូសុវត្តិភាព ឈានទៅឃាត់ខ្លួនយុវជនម្នាក់ ក្រោយធ្វើសកម្មភាពលួចគាស់ស័ង្កសីផ្ទះ។

បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏នាំជនសង្ស័យរូបនោះ ទៅយកមធ្យោបាយបម្រើ អោយបទល្មើស ទើបរុកចូលដល់សំបុកក្រុមចែកចាយ ជក់ និងលួចទ្រព្យសម្បតិ្តពលរដ្ឋ យ៉ាងសកម្មក្នុងក្រុង។

កម្លាំងសមត្ថកិច្ច ពុំបានឃាត់ខ្លួនក្រុមនោះបន្ថែមឡើយ ដោយពួកគេបែកហ្វូង រត់ចូលព្រៃអស់។ ស្ថាប័នតុលាការ បានបញ្ជាអោយកម្លាំងសមត្ថកិច្ចជំនាញរឹបអូសវត្ថុតាង ទៅរក្សាទុក បើមានប្រជាពលរដ្ឋណាស្គាល់ទ្រព្យសម្បត្តិរបស់ខ្លួន អាចទៅស្នើសុំយកបាន។

ក្នុងនោះ មានទាំងឈើប្រណិតជាច្រើន មាន់ជាច្រើនក្បាល និងរបស់របរជាច្រើនទៀត។ ក្រោយបញ្ចប់នីតិវិធី ស្ថាប័នតុលាការ ក៏បានបញ្ជាអោយបិទទីតាំងខាងលើតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព