បណ្តាញសង្គម

នគរបាល ក្រុងស្ទឹងសែន ឃាត់ខ្លួនជន គ្រឿងញៀន២នាក់ នៅផ្ទះសំណាក់ «មនោរម្យ»

កំពង់ធំ ៖ កម្លាំងនគរបាល ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈកំពុងចុះល្បាត តាមមូលដ្ឋាន រហូតធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និង សកម្មភាព ចែកចាយគ្រឿងញៀន នៅផ្ទះសំណាក់ «មនោរម្យ» ស្ថិតនៅភូមិទី១ សង្កាត់កំពង់ធំ ព្រមទាំង ដកហូត ម៉ាទឹកកក ចំនួន២កញ្ចប់តូច ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ក្រុងស្ទឹងសែន បានឲ្យដឹងថា ករណីចាប់ខ្លួន ជនសង្ស័យ ទាំង២នាក់ បានធ្វើឡើង កាលពីវេលា ម៉ោងប្រមាណ ១៖៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ខណៈពួកគេ ទាំង២នាក់ ធ្វើសកម្មភាព នៅក្នុងផ្ទះសំណាក់។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រៅពីដក ហូតថ្នាំញៀន ទាំង២កញ្ចប់ កម្លាំងសមត្ថកិច្ច បានដកហូតផងដែរ នូវឧបករណ៍ សម្រាប់ជក់ និងប្រើប្រាស់មួយ ចំនួនផងដែរ។ តាមមន្រ្តីនគរបាល ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានដាក់ផែនការ លើការពង្រឹង និងធ្វើការស្រាវជ្រាវ យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបករណី ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ដែលធ្វើឲ្យ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ ។

តាមរយះការពង្រឹងការងារទាំងនេះ កម្លាំងនគរបាល ទាំងថ្នាក់ជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត និងនគរបាល តាមបណ្តា ស្រុក-ក្រុង បានចុះល្បាត ជាប្រចាំ ទាំងថ្ងៃទាំងយប់ ដើម្បីងាយស្រួល ទប់ស្កាត់បទល្មើស ទាំងនេះ នៅពេលកើតមានឡើងនោះ៕

ដកស្រង់ពី៖ ដើមអម្ពិល