បណ្តាញសង្គម

សមត្ថកិច្ច ចម្រុះឈរជើង តាមព្រំដែន ទប់​ស្កាត់ពលករខ្មែរ ២កន្លែង សរុប ២០នាក់ បម្រុងឆ្លងដែន ទៅថៃ ឃាត់បានមេខ្យល់ម្នាក់

បន្ទាយមានជ័យ៖ កងកម្លាំងចម្រុះឈរជើង តាមបន្ទាត់ព្រំដែន មាននគរបាល និងយោធា បានទប់ស្កាត់ពលករខ្មែរប្រុសស្រី ២០នាក់ នៅ ២ទីតាំង ដែលបម្រុងឆ្លងដែនចូលប្រទេសថៃ។ មួយទីតាំង នៅក្នុងស្រុកម៉ាឡៃ និងមួយទីតាំងទៀត នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៤ និង ៣០នាទីទាបភ្លឺ កម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍សង្កែ សហការជាមួយកម្លាំងយោធាកងពលតូចលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ចំនួន ១៥នាក់ (ស្រី ០៨នាក់ កុមារ ០២នាក់) នៅក្នុងភូមិសាស្ត្រឃុំបឹងបេង ស្រុកម៉ាឡៃ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនអ្នកជូនផ្លូវ ឬហៅថា មេខ្យល់ ម្នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន ពលករទាំង ១៥នាក់ និងមេខ្យល់អ្នកនាំផ្លូវ ម្នាក់ ត្រូវបានប្រគល់ឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំ និងចាត់វិធានការបន្ត។

ដោយឡែក នៅស្រុកស្វាយចេក កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ថ្នល់បំបែកនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការ ជាមួយកម្លាំងយោធា ៥០៣ និងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានដើរល្បាតក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ហើយបានទប់ស្កាត់ពលរដ្ឋខ្មែរ ចំនួន ៥នាក់ (ស្រី២នាក់ ក្នុងនោះ មានកុមារតូចអាយុ ៣ឆ្នាំ ម្នាក់) បម្រុងលួច ឆ្លងដែន ទៅប្រទេសថៃ។ ពលរដ្ឋខ្មែរទាំង៥នាក់នោះ ត្រូវបានបញ្ជូនទៅទីសុំចតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព