បណ្តាញសង្គម

នគរបាល ប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួន កូនទំនើង ពីរនាក់ កាន់កាំបិត ប៉័ងតោ គំរាមម្ដាយមិន ឱ្យចូលផ្ទះ

ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ ទឹកថ្លា ខណ្ឌ សែនសុខ បានចុះទៅឃាត់ខ្លួនជន ទំនើងពីរនាក់ ក្រោយពីប្រជាពលរដ្ឋ  បានរាយការណ៍ថា ពួកគេបានកាន់កាំបិតប៉័ងតោ គំរាមម្ដាយនិងសាច់ញាតិ របស់ខ្លួន ដោយមិនឱ្យចូលផ្ទះ និងស្រែកឡូឡា នៅចំណុចមុខ ផ្ទះលេខ ៤៩៧ ផ្លូវ ស្ពានឈើ ភូមិ ត្រញំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនទំនើងទី១ ឈ្មោះ មាស ប៊ុនចន អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅចំណុច កើតហេតុ ទី២ ឈ្មោះ មាស ភិរុណ អាយុ ២៨ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ ។ រីឯជន រងគ្រោះជាម្ដាយ ឈ្មោះ ប៉ែន ចាន់ថារី អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះ ។

តាមមន្ដ្រីនគរបាល ប៉ុស្ដិ៍ ទឹកថ្លា បានឱ្យដឹងថា កូនទំនើងទាំងពីរនាក់នេះ កាន់កាំបិប៉័ងតោ រារាំងមិនឱ្យក្រុមគ្រួសារ ជនរងគ្រោះចូលផ្ទះ និងស្រែកឡូឡារំខាន អ្នកជិតខាង ព្រមទាំងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិក្នុងផ្ទះ និងប្រើអំពើហិង្សា ជាច្រើនលើកច្រើនសា នាពេលកន្លងទៅ ។ ដោយទ្រាំមិនបាន ពីសកម្មភាពបែបនេះ ទើបស្ដ្រីជាម្ដាយ និងក្រុមគ្រួសារ បានរាយការណ៍មក សមត្ថកិច្ចចុះទៅ ចាប់ខ្លួននិងដកហូត យកកាំបិតប៉័ងតោ ដែលកាន់នៅក្នុងដៃ ។

បច្ចុប្បន្ន ជនទំនើងទាំងពីរនាក់ ត្រូវបានឃុំ ខ្លួននៅអធិការដ្ឋាន នគរបាល ខណ្ឌ សែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាម នីតិវិធី ៕