បណ្តាញសង្គម

ចាប់ខ្លួន​គ្រូទាយ និង​គ្រូមន្តអាគម​៣​នាក់ ឆបោក​​នារី​២​នាក់ បានប្រាក់​​ជាង​៦៧​លាន​រៀល

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានចាប់ឃាត់ខ្លួន ក្រុមជនសង្ស័យជាគ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើ ចំនួន០៣នាក់ ពីបទ ឆបោកនារីរងគ្រោះ ០២នាក់ផ្សេងគ្នា អស់ប្រាក់សរុប ៦៧,៦២៣,៨០០រៀល ។ករណីឆបោកខាងលើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មកម៉្លេះ ។

ហើយនៅពេលថ្មីៗនេះ ជនរងគ្រោះទើបទៅដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចចុះឃាត់ខ្លួន ក្រុមជនសង្ស័យបាននៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះចំនួន០២នាក់ រួមមាន ៖ ទី១. ឈ្មោះ ឈន ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២. ឈ្មោះ ណាម ស្រីមុំ អាយុ២៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ចំណែកឯ ជនសង្ស័យមួយក្រុមមានគ្នាចំនួន ០៣នាក់ រួមមាន ៖ ទី១ ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ (ត្រូវជាម្ដាយ) ជាអ្នកទាយសន្លឹកបៀរ ទី២ ឈ្មោះ វង់ បឿ ហៅបឿក ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាកូនប្រសារ) និងជាគ្រូមន្តអាគម ដោះអំពើ មើលជំងឺ និងទី៣ ឈ្មោះ វ៉េត សារ៉ុម ភេទស្រី (ត្រូវជាកូនស្រីបង្កើត) ជាអ្នកទារលុយពីជនរងគ្រោះ យកមកធ្វើវិធីគ្រូ ជនសង្ស័យទាំង៣នាក់ មកស្នាក់នៅភូមិឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ចំនួន០២នាក់ ប្ដឹង ពីបទឆបោក និងកំហែងយកប្រាក់ ជាលក្ខណៈប្រព័ន្ធ កម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនក្រុមជនសង្ស័យបានទាំង៣នាក់ ។

លោកអធិការ តាន់ គារិទ្ធ បានអោយដឹងទៀតថា ក្រុមជនសង្ស័យជាក្រុមគ្រួសារតែមួយ បានឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ឈន ស្រីពេជ្រ អស់ប្រាក់ចំនួន ៤២,០៦៨,៨០០រៀល ថ្លៃធ្វើពិធីហៅប្ដីស្ត្រីជនរងគ្រោះ ដែលរត់តាមស្រីឲ្យត្រឡប់មកផ្ទះវិញ ។

ចំណែកឯជនរងគ្រោះទី២ ឈ្មោះ ណាម ស្រីមុំ ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥,៥៥៥,០០០រៀល ថ្លៃធ្វើពិធី ហៅសង្សារនារីរងគ្រោះ ដែលបានបែកចិត្តឲ្យត្រឡប់មកស្រលាញ់វិញ ប៉ុន្តែគ្មានអ្វីសោះឡើយ ថែមទាំងទារប្រាក់ពីនារីរងគ្រោះជាបន្តបន្ទាប់ ដោយការឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះទាំងពីរនាក់ ឲ្យធ្វើការវេរប្រាក់តាមវីងឲ្យក្រុមជនសង្ស័យ ជាដំណាក់ការតាមការកំណត់ ។

បើសិន មិនព្រមវេរលុយឲ្យតាមការកំណត់ទេ ពួកគេគំរាមថា និងធ្វើអំពើឲ្យសមាជិកក្នុងក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់ទាំងអស់ ។ លោកអធិការ បានបញ្ជាក់ថា ករណីឃាត់ខ្លួននេះ ក្រោយពីសមត្ថកិច្ចរាយការណ៍ជូនទៅលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរស័ព្ទ ហើយលោក ព្រះរាជអាជ្ញា ក៏សម្តេចឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព