បណ្តាញសង្គម

ជនជាតិ​ឡាវ ២​នាក់ ជិះទូក​ដឹក​ថ្នាំ​ញៀន​លួច​ឆ្លង​ដែន​ចូល​កម្ពុជា ប៉ូលិស​ចាប់​បាន​ជិត​៥​គីឡូក្រាម

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣២នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយករណី ដោយចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត៥ គីឡូក្រាម នៅព្រះវិហារ ។

ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ដែលមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់កំស្រឡៅ នៃវរៈការពារព្រំដែនលេខ១០៥ ក្រោមការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវ មកកម្ពុជាតាមផ្លូវទឹក នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។

លទ្ធផល ឃាត់ខ្លួនជនសង្ស័យ ២នាក់ ម្នាក់ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឡាវ និងម្នាក់ឈ្មោះ កែវ ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឡាវ ដូចគ្នា ។

ពេលចាប់ខ្លួនជនសង្ស័យទាំង២ នាក់សមត្តកិច្ច រឹបអូសបានវត្ថុតាង រួមមាន ៖ -សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ៥កញ្ចប់ធំ ទម្ងន់ ៤គីឡូ និង៩៨៨.៨៤ក្រាម -មធ្យោបាយដឹកជញ្ជួន ទូកយន្ត ១គ្រឿង ។

ក្រោយចាប់ខ្លួនជនសង្ស័យ និងវត្ថុតាងចាប់យក ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព