បណ្តាញសង្គម

ស្ត្រី ជា​កម្មករសំណង់​ម្នាក់ ត្រូវ​រថយន្ត lexus បុក​ប៉ើង​ប្រមាណ​ជាង ១០​ម៉ែត្រ​

ភ្នំពេញ៖ ស្ត្រីជាកម្មករសំណង់ម្នាក់ ត្រូវរថយន្ត lexus RX300 មួយគ្រឿង បើកបរដោយស្ត្រីជនជាតិកូរ៉េម្នាក់ ក្នុងល្បឿនលឿន បុកបណ្តាលអោយប៉ើង ប្រមាណជាង ១០ម៉ែត្រ បោកក្បាល បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូម៉ាក់ហុងដាឌ្រីម មួយគ្រឿង។

បន្ទាប់ពីគ្រោះថ្នាក់ រថយន្តក៏បានរេចង្កូត ឡើងខឿនសួនច្បារ មុខបុរី ឌឹផ្លរ៉ា ទៅបុករះនឹងស្លាកផ្សាយពាណិជ្ជរបស់បុរី ខូចខាត ហើយរថយន្តទាញចង្កូតគេច មកខាងឆ្វេងវិញ ទៅបុកនឹងរថយន្តម៉ាក CRV មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតមួយចំហៀង ខាងស្ដាំ ទើបរថយន្តបង្ក អស់ល្បឿន ទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង៥០នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខបុរីឌឹផ្លរ៉ា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះ មានឈ្មោះ អ៊ុច សាវ៉ាត អាយុ ៣៦ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិថ្មី ឃុំស្វាយពពាល ស្រុកមុខកំពូល ខេត្តកណ្តាល។ ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1C-7206 ធ្វើដំណើរចេញពីផ្លូវ៧មករា ក្នុងទិសដៅពីលិចទៅកើត គោលបំណងទៅបើកប្រាក់ខែ នៅការដ្ឋានសំណង់ នៅជិតកន្លែងកើតហេតុ។

ខណៈពេលធ្វើដំណើរ មកដល់ផ្លូវជាតិលេខ៦ ម៉ូតូស្ត្រីរងគ្រោះ ក៏បត់ស្ដាំ ស្របពេលនោះ មានរថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5954 បើកបរដោយស្ត្រីជនជាតិកូរ៉េម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មកបុកម៉ូតូនារីរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូផ្លោងជាង ១០ម៉ែត្រ បោកក្បាលនឹងថ្នល់ បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។

តាមសាក្សី ខណៈនោះ រថយន្តបង្ក មិនទាន់អស់ល្បឿន ក៏រ៉េចង្កូត ទៅខាងស្តាំ ឡើងខឿនសួនច្បារមុខបុរី ឌឹផ្លរ៉ា បុករះនឹងស្លាកផ្សាយពាណិជ្ជរបស់បុរី រងការខូចខាតមួយផ្ទាំង ហើយម្ចាស់រថយន្តបង្ក បានព្យាយាមទាញចង្កូតរថយន្តមកខាងឆ្វេងវិញ ក៏ជ្រុលទៅបុកនឹងរថយន្តម៉ាក CRV មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2M-5173 មួយគ្រឿង បណ្តាលអោយខូចខាតចំហៀងខាងខាតស្តាំ និងដាច់កង់ក្រោយ ធ្លាក់កាងខាងមុខ ទើបរថយន្ដបង្ក អស់ល្បឿនទៅមុខលែងរួច។

បន្ទាប់ពីបង្កហេតុ ស្ត្រីជនជាតិកូរ៉េ បើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។ រីឯរថយន្តបង្ក ព្រមទាំងម៉ូតូ និងរថយន្ត CRV ត្រូវបាននគរបាល បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមច្បាប់។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព