បណ្តាញសង្គម

រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ត្រូវ​ចោរ លួច​កាច់​កញ្ចក់​ចំហៀង​ខាងឆ្វេង យកទៅ​បាត់​

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford Raptor F150 ពណ៌ខ្មៅ ជារបស់ម្ចាស់ហាងលក់ទូរស័ព្ទ យីហោ តាំង គីមឡេង ត្រូវបានចោរលួចកាច់កញ្ចក់ចំហៀងខាងឆ្វេង បានសម្រេច។

រថយន្តនោះ ចតនៅមុខហាងលក់ទូរស័ព្ទដៃរបស់ខ្លួន កាលពីវេលាម៉ោង ៧ និង ៥៩នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅមុខហាងលក់ទូរស័ព្ទយីហោ តាំង គីមឡេង (សាខាទី១) ស្ថិតនៅផ្ទះលេខ៤៨ និងផ្ទះលេខ៥០ ផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ម្ចាស់រថយន្ត មានឈ្មោះ តាំង គីមឡេង អាយុ ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៩A សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្ត ម៉ាក Ford Raptor F150 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា TH.RY569 បានមកឈប់នៅមុខហាងលក់ទូរស័ព្ទដៃរបស់ខ្លួន ស្ថិតនៅចំណុចកើតហេតុខាងលើ ដើម្បីពិនិត្យមើលការងារ ដែលបានលក់ចេញតាំងពីព្រឹក និងបូកសរុបតម្លៃ លុះពេលពិនិត្យមើលរួច រូបលោក ក៏បានដើរចេញមកវិញ ស្រាប់តែឃើញរថយន្តរបស់លោក បាត់កញ្ចក់ចំហៀងខាងឆ្វេងបាត់ទៅហើយ។

លោកឆែកកាំមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យម្នាក់ ភិនភាគពាក់អាវដៃវែងពណ៌ខ្មៅ មួកខ្មៅ ខោខ្មៅ បានដើរមកពីទិសខាងត្បូង រួចចូលមកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត យកទៅបាត់។ ចោរនោះ ហាក់បីដូចជា មិនមានការភ័យខ្លាច ចំពោះសមត្ថកិច្ចបន្តិចសោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលវាលវង់ បានចុះមកកន្លែងកើតហេតុ ហើយម្ចាស់រថយន្ត រងគ្រោះ ក៏បានបង្ហាញវិដេអូ ដែលថតបាន តាមរយៈកាំមេរ៉ាសុវត្ថិភាព អោយសមត្ថកិច្ច បានដឹង និងទៅដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីអោយសមត្ថកិច្ច ជួយស្រាវជ្រាវ រកមុខជនសង្ស័យនោះ យកមកផ្ដន្ទាទោស៕

ដកស្រង់ពី៖កោះសន្តិភាព