បណ្តាញសង្គម

រថយន្ត Ford បើក​លឿន សង្ស័យ​អ្នកបើកបរ​ងងុយដេក ក្រឡាប់

ភ្នំពេញ៖ រថយន្តម៉ាក FORD RANGER ១គ្រឿង បើកបរដោយបុរសម្នាក់ ខណៈកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែរេចង្កូត រួចក្រឡាប់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ប៉ុន្តែជាសំណាងល្អ ពុំបានបណ្ដាលឲ្យអ្នកបើកបរ រងរបួសធ្ងន់ធ្ងរ ឬស្លាប់នោះឡើយ។ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវបេតុងព្រៃស ស្ថិតនៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក FORD RANGER ១គ្រឿងខាងលើនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-3691បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ រងរបួសស្រាលប៉ុណ្ណោះ។ ប៉ុន្តែរថយន្តនេះ បានរងការខូចខាតយ៉ាងដំណំ។

តាមប្រភពព័ត៌មាន នៅមុនពេលកើតហតុ រថយន្តខាងលើ បានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន គួរសមដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេក ហើយងោកមួយភាំង ទើបបាត់បង់ម្ចាស់ការ ក្នុងការបើកបរ រួចក៏រេចង្កូតជ្រុលទៅបុកដើមក្រខុប ១ដើម នៅចិញ្ចើមផ្លូវ បណ្ដាលឲ្យបាក់។ បន្ទាប់មក បានជ្រុលបន្តទៅបុករបងដីឡូត៍មួយកន្លែងទៀត ទើបក្រឡាប់ និងរងការខូចខាតក្រពឹតតួ និងមុខខ្ទេចខ្ទីរ។

ចំណែកអ្នកបើកបរសំណាងខ្លាំងណាស់ ត្រឹមតែរងរបួសស្រាលប៉ុណ្ណោះ។ ប្រភពដដែល បានបន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃវែង និងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះទៅកាន់កន្លែងកើតហេតុ រួចបានស្ទូចយករថយន្តខាងលើ ទៅរក្សាទុក រង់ចាំការដោះស្រាយជាមួយម្ចាស់របងដីឡូត៍ ដែលរងការខូចខាត ដោយសារតែរថយន្តនេះ បុក។

បុរសអ្នកបើកបររថយន្ត បានប្រាប់នគរបាលថា គាត់ងងុយដេក ហើយងោកមួយភាំង ទើបបានជារេចង្កូត ធ្លាក់ផ្លូវ រួចបុកដើមក្រខុប និងរបងដីឡូត៍ ហើយក្រឡាប់បែបនេះ។ បន្ទាប់មក បុរសនោះ បានជិះម៉ូតូរ៉ឺម៉កកង់បី ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ដោយខ្លួនឯង៕

ដកស្រង់ពី៖កោះសន្តិភាព