បណ្តាញសង្គម

បញ្ជូនខ្លួន ជនសង្ស័យ ៣នាក់ ទៅតុលាការខេត្ត ពីបទឆបោក ប្រាក់ជាង​ ២ម៉ឺន ដុល្លារ

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ពីបទឆបោក បន្ទាប់ពីជនរងគ្រោះ បានប្តឹងសមត្ថកិច្ចរួចមក ហើយជនសង្ស័យទាំង ៣នាក់ បានប្រព្រឹត្ត កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ ។

លោក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច បានឃាត់ខ្លួនមាន ៖ ទី១ ឈ្មោះ វ៉ាន់ សាវិន ហៅ យ៉ា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ សំអាងការ ទី២ ឈ្មោះ វ៉ាន់ ដាលីន ភេទប្រុស អាយុ៣៤ឆ្នាំ និងទី៣ឈ្មោះ ធឿន កូនចិន ហៅ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង៣នាក់នេះ មានទីលំនៅ ភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ចំណែក ជនរងគ្រោះ មានឈ្មោះ វែង ធាវី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ ម៉ាស្សា មានទីលំនៅភូមិ.សង្កាត់ អូចារ ក្រុងបាត់ដំបង និងឈ្មោះ នួន ស៊ីណាត ភេទប្រុស អាយុ ៥៨ឆ្នាំ ធ្វើចំការ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក ឡាច ប្រុស បានបញ្ជាក់ថា ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់គ្ នាកាលពីឆ្នាំ២០១៣ តាមរយៈចូលស៊ីផឹក ជាមួយគ្នា នៅភោជនីយដ្ឋាន បុប្ផាទិព្វ បាត់ដំបង។ លុះដល់ ខែមករា ឆ្នាំ២០១៥ ជនសង្ស័យទាំង៣នាក់ បាននាំគ្នា ចូលស៊ីផឹកនៅក្លឹប ដាមិន ជាមួយជនរងគ្រោះដែរ ហើយក៏បាននិយាយគ្នា ពីរឿងចង់ប្រវ៉ាស់ ចិញ្ចឹមសត្វគោ តែត្រូវគិតប្រាក់ឲ្យ ទៅម្ចាស់គោ តាមចំនួន៩២ក្បាល និងចំនួនមេគោព្រមទាំង ថ្លៃដាក់បា ថ្លៃរត់ការផ្លូវសរុប អស់២៧.០០០ដុល្លារ។

លុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ជនរងគ្រោះបាន វេប្រាក់ឲ្យ ជនសង្ស័យចំនួន ៧.០០០ដុល្លារតាមវីង។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ជនរងគ្រោះបានវេលុយ ឲ្យចំនួន៦.០០០ដុល្លារ តាមប្រព័ន្ធវីង ដដែល។ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ជនសង្ស័យឲ្យ ជនរងគ្រោះវេលុយ ចំនួន៧.០០០ដុល្លារ ថែមទៀត នៅចុងក្រោយ ជនសង្ស័យបានឲ្យ  ជនរងគ្រោះវេលុយ ចំនួន១.០០០ដុល្លារ ។បន្ទាប់ពីជនរងគ្រោះ បានលុយទាំងប៉ុន្មានលើក ឲ្យជនសង្ស័យហើយ ក៏ចាប់ផ្តើមមានការសង្ស័យ រួចក៏ឲ្យកូនធម៍ ទៅរកមើល នៅភូមិចំការព្រៃ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងដែលទិញគោ ហើយទុកនៅទីនោះ ស្រាប់តែគ្មានសត្វ ១ក្បាលឡើយ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ ពួកខ្លួនដឹងថា ចាញ់បោកគេ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។

បន្ទាប់ពីបានទទួលបាន ពាក្យបណ្តឹង ជនរងគ្រោះហើយ សមត្ថកិច្ចបានស្រាវជ្រាវ ករណីនេះឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ បានទាំង៣នាក់ នាំយកមកទីបញ្ជាការ អាវុធហត្ថខេត្ត ដើម្បីសួរនាំ។ ជនសង្ស័យទាំងអស់ បានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបាន ឆបោកលុយពី ជនរងគ្រោះពិតប្រាកដមែន។ បន្ទាប់ពីបាន ចម្លើយសារភាព របស់ជនសង្ស័យហើយ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាកាខេត្តដើម្បីចាត់ការតាមច្បាប់ រួចហើយ៕

ដកស្រង់ពី៖ ដើមអម្ពិល