បណ្តាញសង្គម

គេចខ្លួន២០ឆ្នាំ ក្រោយប្រព្រឹត្ត បទល្មើស ពេលចូលស្រុកវិញ ត្រូវនគរបាល ចាប់វាយខ្នោះ

កំពង់ចាម ៖ ជនជាប់ចោទម្នាក់ ដែលបានប្រព្រឹត្តបទល្មើស កាលពី២០ឆ្នាំមុន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរត់គេចខ្លួនរហូត ទើបតែថ្មីៗនេះ បានវិលត្រឡប់ចូល ស្រុកកំណើតវិញ ក៏ត្រូវនគរបាល ចាប់វាយខ្នោះ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់។

មន្ត្រីនគរបាល ព្រហ្មទណ្ឌស្រុក ស្ទឹងត្រង់ បានឲ្យដឹងថា ជនជាប់ចោទរូបនេះត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលជាកន្លែងកំណើត របស់ជននេះ និងជាកន្លែងប្រព្រឹត្ត បទល្មើសកាលពី ឆ្នាំ១៩៩៥ ។មន្ត្រីនគរបាលដដែលនេះ បានបញ្ជាក់ថា ការឃាត់ខ្លួនជននេះ បានធ្វើឡើងដោយ យោងតាមដីកា បញ្ជារឲ្យចាប់ខ្លួន របស់ចៅក្រម ស៊ើបសួរសាលាដំបូងខេត្ត កំពង់ចាម កាលពីឆ្នាំ១៩៩៥។

យោងតាមដីកា បញ្ជាឲ្យចាប់ខ្លួនរបស់ លោក ស៊ឹម គុជ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ត កំពង់ចាម ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៥ បានបង្គាប់ទៅសមត្ថកិច្ចឲ្យ នាំខ្លួនឈ្មោះ ម៉ៅ គង់ អាយុ៤៩ឆ្នាំ រស់នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដោយចោទប្រកាន់ ពីបទប៉ុនប៉ង ធ្វើមនុស្សឃាត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៥។តាមមន្ត្រីនគរបាល បានឲ្យដឹងទៀតថា ទំនងជាភ្លេចពីទោស កំហុសរបស់ខ្លួន ហើយគិតថាសមត្ថកិច្ច បានបំភ្លេចចោល សំណុំរឿងមួយនេះ ទើបធ្វើឲ្យ ជនជាប់ចោទខាងលើ វិលត្រឡប់ចូលភូមិ ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋ រាយការណ៍ មកសមត្ថកិច្ច ទើបចុះទៅចាប់ខ្លួនតែម្តង។

ស្នងការនគរបាលខេត្ត កំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ផងដែរថា "យើងរង់ចាំរយៈពេល ជិត២០ឆ្នាំ ទម្រាំចាប់បាន ប៉ុន្តែមិនយឺតនោះទេ ឲ្យតែនៅមានអាជ្ញាយុកា " ។ លោកឧត្តមសេនីយ៍ ស្នងការបានបន្តទៀតថា " ពេលជននេះត្រឡប់ ចូលភូមិភ្លាម ប្រជាជនរាយការណ៍ ជូននគរបាលរបស់យើង ហើយពេលនោះ យើងចុះទៅចាប់ភ្លាម ដែលនេះជាលទ្ធផលមួយ បង្ហាញឲ្យឃើញថា ប្រជាជន បានចូលរួមសហការជាមួយយើង ក្រោយពេលដែរ ពួកគាត់បានយល់ជ្រួតជ្រាប ពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងតាមរយៈការ ចែកលេខទូរស័ព្ទ ជូនពួកគាត់ ។លើកមុនជននេះ បានឆ្មក់ចូលភូមិ ចំនួន២ដងដែរ តែយើងចាប់មិនទាន់ ទើបតែនៅពេលនេះ ត្រូវអស់ល័ក្ខតែម្តង"។

តាមស្នងការខេត្ត កំពង់ចាម បានបង្ហាញថា ចាប់តាំងពីលោក ចូលកាន់ដំណែង ការអនុវត្តន៍ដីកា របស់តុលាការ បានជិត១០០ដីកា ហើយក្នុងនោះប្រហែល ២០ដីកា សុទ្ធតែបទល្មើសកើតឡើង ខ្ទង់ឆ្នាំ៩០ ជាង និងឆ្នាំ២០០០ ជាង។ លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ យ៉ាងដូច្នេះថា " យើងបានគាស់រលើង រាល់ដីកា របស់តុលាការ ដើម្បីតាមចាប់ ជនល្មើស ដែលបាននឹងកំពុង រត់គេចខ្លួន មិនឲ្យរួចផុត ពីសំណាញ់ច្បាប់នោះឡើយ"។

យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ បានចែងថា ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មុនស្ស ដោយគិតទុកជាមុខ ឬដោយការពួនស្ទាក់ ។ ការគិតទុកជាមុនគឺជា គម្រោងដែលបង្កើតឡើង មុនអំពើបៀតបៀន ទៅលើរូបបុគ្គល នៃជនរងគ្រោះ។ ការពួនស្ទាក់គឺជា អំពើឃ្លាំចាំបុគ្គល ណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀន ទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ៕


 

ដកស្រង់ពី៖ ដើមអម្ពិល