បណ្តាញសង្គម

ដកហូត​អាល់កុល​ក្លែងក្លាយ ជាង​២០០​លី​ត្រ តាម​ផ្ទះ​លក់ទំនិញ និង​ឱសថស្ថាន ក្នុង​ក្រុង​ដូន​កែវ

ខេត្តតាកែវ ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅតាមបណ្តាផ្ទះលក់ទំនិញ និងឱសថស្ថាន នៅផ្សារតាកែវ ស្ថិតក្នុងឃុំរការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ជាលទ្ធផល មន្ត្រីជំនាញបានធ្វើការដកហូតអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណ ៣កាន និង២៧ដប ស្មើនឹង ៩៦.៥០លីត្រ និងម្សៅកាហ្វេ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៣កញ្ចប់ ស្មើនឹង ១.៥០ គីឡូក្រាម ផងដែរ ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការដកហូតនូវអាល់កុលក្លែងក្លាយ ប្រមាណ ១០៧.៥លីត្រ ក្រោយបានធ្វើតេស្តបឋម ។

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន ៖ ឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ប្រមាណ ៥គីឡូក្រាម និងម្សៅលាបកូនក្មេងហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ប្រមាណ ៥គីឡូក្រាម ក៏ត្រូវដកហូត ជាមួយគ្នាដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព