បណ្តាញសង្គម

អាជ្ញាធរ ប្រកាស​បិទ​ឡ​ស្រា ខណៈ​មាន​អ្នកពុល​ស្រា ស្លាប់ ១៦​នាក់​ នៅកំពត

ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានប្រកាសជាសាធារណៈ និងប្រាប់អោយលោកអភិបាលស្រុកកំពង់ត្រាច និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត អោយបិទកន្លែងឡ បិតស្រានានា អោយអស់ ព្រោះនៅស្រុកកំពង់ត្រាចនេះ មានពលរដ្ឋពិសាស្រាស ស្លាប់ច្រើននាក់ណាស់។ឯកឧត្តមបានប្រាប់អោយអាជ្ញាធរស្រុក ចាត់ចែងរឿងអ្នកបិតស្រាស ត្រូវបញ្ឈប់ជាបន្ទាន់បែបនេះ ខណៈពេលឯកឧត្តមពិនិត្យមើលស្រូវពង្រោះពលរដ្ឋ ជួបគ្រោះធម្មជាតិ រាំងស្ងួត នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

លោក សឹម នៅ អធិការរង ស្រុកកំពង់ត្រាច ដែលបានប្រចាំការនៅឃុំស្វាយទងខាងត្បូង បាននិយាយថា ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែកក្កដា ក្នុងរយៈពេល ២ថ្ងៃនេះ មានប្រជាពលរដ្ឋ នៅភូមិកោះហ្វាំង ឃុំស្វាយទងខាងត្បូង ពុលស្រាស្លាប់ ចំនួន ១១នាក់ និងចំនួន ៤នាក់ទៀត ជាចាស់ជរា តែគាត់ឮសំឡេងមេក្រូ ឬគ្រាន់តែឮថា គេស្លាប់មានអារម្មណ៍ ភ័យ ក៏ស្លាប់ដែរ។

រីឯម្នាក់ទៀត នៅឃុំស្វាយទងខាងជើង ក៏ពុលស្រាស្លាប់ដែរ។ លោកអធិការរងរូបនេះ បានអោយដឹងថា ឡបិតស្រា នៅឃុំស្វាយទង ត្រូវបាននគរបាល ចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យាអោយម្ចាស់ឡ ផ្អាកសកម្មភាព។ ម្ចាស់ឡបិតស្រា និយាយថា កន្លងមកមក គាត់បិតស្រា ដោយបានលាយបាយ ជាមួយមេស្រា រួចហើយ ដាក់ក្នុងឡបង្ហៀរស្រាចេញដាក់ក្នុងប៊ីដុងតែប៉ុណ្ណោះ។

ប៉ុន្តែនៅពេលនេះ ម្ចាស់ឡបិតស្រា និយាយថា ទោះបីគាត់លាយបាយជាមួយមេស្រាហើយក៏ដោយ ក៏គាត់មិនដាក់ក្នុងឡបង្ហៀរចេញដែរ សុខចិត្តយកទៅចាក់ចោលវិញ។ ម្ចាស់ឡបិតស្រាម្នាក់ទៀត នៅភូមិភ្នំស្រង៉ាប ក្នុងឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច បានគេចខ្លួន មុនពេលកងនគរបាល ចុះមកឃាត់ខ្លួន ព្រោះម្ចាស់ឡបិតស្រា ឈ្មោះ វ៉ិត ប៉ាង អាយុ ៤៥ឆ្នាំ រូបនេះ បានដឹកស្រា យកទៅលក់អោយអ្នកលក់បន្ត នៅភូមិកោះហ្វាំង បណ្តាលឲ្យស្លាប់ ជាច្រើននាក់។

អាជ្ញាធរស្រុកកំពង់ត្រាច បានប្រជុំបន្ទាន់មួយ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បីអោយមន្ត្រី នៅមូលដ្ឋានឃុំទាំង១៤ ទូទាំងស្រុក ស្រង់ស្ថិតិអ្នកមានឡបិតស្រា។

គេមិនទាន់ដឹងពីចំនួនអ្នកធ្វើអាជីវកម្ម ឡបិតស្រាជាផ្លូវការនៅឡើយទេ។ តែមានឃុំចំនួន៤ គឺឃុំស្វាយទងខាងត្បូង មានឡបិតស្រា ៣កន្លែង ឃុំស្វាយទងខាងជើង មានឡបិតស្រា ៧កន្លែង ឃុំកំពង់ត្រាចខាងកើត មានឡបិតស្រា ២០កន្លែង និងឃុំអង្គសូរភី មានឡបិតស្រា ៥កន្លែង សរុប ៤ឃុំនេះ មានឡបិតស្រា ៣៥កន្លែង និងត្រូវបានផ្អាកទីតាំងអ្នកមានឡបិតស្រានេះ បណ្ដើរៗ និងហាមឃាត់អ្នកលក់ស្រា តាមភូមិផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព